(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីតបាននិងកំពុងព្យាយាមច្រានចោលព័ត៌មានដែលថា មុនពេលបងប្អូនស្រីជនជាតិអារ៉ាប៊ីសាអូឌីត០២នាក់ ដែលត្រូវគេរកឃើញសាកសពនៅទីក្រុងញូយ៉កនោះ ខ្លួនបានបញ្ជាអ្នកមានជាប់សាច់ឈាមជាមួយពួកនាងទាំងអស់ ឲ្យវិលត្រឡប់មកកាន់អារ៉ាប៊ីសាអូឌីតវិញ ពីព្រោះអ្នកទាំងពីរបានស្នើសិទ្ធិជ្រកកោននយោបាយនៅអាមេរិក។ នេះបើតាមកការដកស្រង់ការផ្សាយចេញពីស្ថានីយទូរទស្សន៍ CNN នៅយប់ថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
នាង Rotana Farae អាយុ២៣ឆ្នាំ និង Tala Farea អាយុ១៦ឆ្នាំ ត្រូវបានគេរកឃើញសាកសពកាលពីថ្ងៃទី២៤ ខែតុលា នៅច្រាំងទន្លេ Hudson បន្ទាប់ពីក្រុមគ្រួសាររបស់អ្នកទាំងពីរបានឃើញពួកនាងជាលើកចុងក្រោយ តាំងតែពីជិតមួយឆ្នាំមុនម្ល៉េះ នៅឯរដ្ឋ Virginia។ បើតាមអាជ្ញាធរអាមេរិកបងប្អូនស្រីពីរនាក់នេះ បានរស់នៅសហរដ្ឋអាមេរិកអស់រយៈពេលពី០២ទៅ០៣ឆ្នាំ។
កាលពីដើមសប្តាហ៍នេះ សារព័ត៌មានអាមេរិក New York Times បានចុះផ្សាយថាស្ថានទូតអារ៉ាប៊ីសាអូឌីត នៅវ៉ាស៉ីនតោន បានទាក់ទងទៅកាន់ម្តាយបងប្អូនស្រីទាំងពីរ ដើម្បីជូនដំណឹងថាកូនស្រីគាត់ បានស្នើសុំសិទ្ធិជ្រកកោននយោបាយនៅអាមេរិក។ ក្រោយមក ក៏មានសេចក្តីរាយការណ៍ដទៃទៀតថា បុគ្គលជាម្តាយបានទទួលទូរស័ព្ទពី មន្រ្តីស្ថានទូតអារ៉ាប៊ីសាអូឌីតដែលបានបង្គាប់ឲ្យក្រុមគ្រួសារនេះចាកចេញពីអាមេរិកវិញ ដោយសារតែកូនស្រីទាំងពីររបស់គាត់ បានធ្វើការសុំសិទ្ធិជ្រកកោននយោបាយ។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Associated Press (AP) ដែលយោងលើប្រភពពីមន្រ្តីប៉ូលិស អ្នកម្តាយរូបនោះ បានប្រាប់ក្រុមអ្នកស៉ើបអង្កេតថា ការទូរស័ព្ទពីស្ថានទូតអារ៉ាប៊ីសាអូឌីត បានកើតមានឡើង នៅមួយថ្ងៃមុនសាកសពនាង Rotana និង Tala ត្រូវបានគេរកឃើញ។
យ៉ាងណាមិញ នាពេលនេះ អ្នកនាំពាក្យស្ថានទូតអារ៉ាប៊ីសាអូឌីតនៅអាមេរិក បានចេញមុខទាត់ចោលសេចក្តីរាយការណ៍នានា ដែលចោទប្រកាន់ថា អារ៉ាប៊ីសាអូឌីតបានបញ្ជាឲ្យបុគ្គលទាំងឡាយ ដែលជាប់សាច់ឈាមជាមួយ បងប្អូនស្រីអារ៉ាប៊ីសាអូឌីតទាំងពីរនាក់ចាកចេញពីសហរដ្ឋអាមេរិក ដោយសារតែការសុំសិទ្ធិជ្រកកោននយោបាយ។
គួរជម្រាបថា មកទល់ពេលនេះ ក្រុមអ្នកស៉ើបអង្កេតមិនទាន់អាចកំណត់មូលហេតុច្បាស់នៅទេថា តើបងប្អូនស្រីទាំងពីរនាក់នោះ បានបាត់បង់ជីវិត ដោយសារការសម្លាប់ខ្លួន គ្រោះថ្នាក់ចៃដន្យ ឬការអំពើឃាតកម្ម។ ជុំវិញការស្លាប់ដោយមានអាថ៌កំបាំងរបស់ជនជាតិអារ៉ាប៊ីសាអូឌីតនៅឯក្រៅប្រទេសនេះផងដែរ ទីក្រុងរីយ៉ាដ មិនទាន់ទាំងរួចផុតពីការសង្ស័យថា ជាអ្នកនៅពីក្រោយខ្នងនៃការធ្វើឃាតអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi ក្នុងប្រទេសតួកគី នៅឡើយផង៕