(ញូដេលី)៖ នរណាក៏ដឹងដែរថា ឥណ្ឌាជាប្រទេសធំបំផុតមួយ ដែលមានចំនួនប្រជាជនរហូតដល់ទៅជិត ១,៣០០លាននាក់ ជាប់លេខពីរលើលោកបន្ទាប់ពីចិន ប៉ុន្តែទឹកដីប្រទេសនេះតូចជាងចិនរហូតដល់ទីជិត ៣ ដងឯណោះ ហេតុដូច្នេះវិស័យដឹកជញ្ជូនពិតជារឿងដែលមមាញឹកបំផុត ទាំងលើគោក ក្នុងទឹក និងលើផ្ទៃអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប្រការនេះហើយទើបរដ្ឋាភិបាលឥណ្ឌា បានរិះរកគ្រប់មធ្យោយបាយដើម្បីសម្រួលចរាចរណ៍ជាពិសេសនោះ គឺការដឹកជញ្ជូនតាមផ្លូវគោកដែលពេញនិយម និងមមាញឹកខ្លាំងជាងមធ្យោបាយផ្លូវទឹក និងអាកាស។ តំណាក់កាលនេះដំបូងនេះ ឥណ្ឌាបានប្រកាសជោគជ័យនៃការជ្រើសយកផ្លូវទឹកនៅទូទាំងប្រទេស ដើម្បីធ្វើការដឹកទំនិញធ្ងន់ៗ ជាពិសេសនោះគឺកុងតឺនឺ ដើម្បីជាការបន្ធូរបន្ថយចរាចរណ៍នៅលើគោក ដែលកំពុងតែកកកុញខ្លាំងបំផុត។
ជាក់ស្តែងនាវាដឹកទំនិញធុនធ្ងន់មួយគ្រឿង បានចាប់ផ្តើមដឹកកុងតឺនឺចំនួន ១៦ ទូរឆ្លងកាត់ទន្លេកាន់ជីស (Ganges) ពីទីក្រុងកុលកាតា ទៅកាន់រដ្ឋវ៉ារ៉ាណាស៊ី ប្រកបដោយភាពរលូន ដោយវាត្រូវបានចាត់ទុកជាសញ្ញាវិជ្ជមានមួយ ដើម្បីរំដោះចរាចរណ៍តាមផ្លូវថ្នល់ និងផ្លូវដែកផងដែរ។ គោលនយោបាយរបស់លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌានេះត្រូវបានគេរំពឹងថា នឹងត្រូវពង្រីកវិសាលភាពនៃការអនុវត្តរហូតដល់អាចឲ្យប្រជាជនប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកកាន់តែច្រើន ដើម្បីបន្ធូរបន្ថយភាពកកស្ទះនៃចរាចរណ៍លើគោក៕