(តេហេរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក បារ៉ាម កាស្សេមី (Bahram Qassemi) បានលើកឡើងថា កន្លងមកនេះទីក្រុងវ៉ាស៉ីនតោនបានប្រើគ្រប់វិធីសា្រស្រ្តរាប់មិនអស់ប្រឆាំងនឹងប្រទេសអ៉ីរ៉ង់ រួមមានទាំងការចាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីដាក់សម្ពាធលើ ធនាគារ ក្រុមហ៊ុន និងស្ថាប័នអន្តរជាតិ ក្នុងគោលបំណងរារាំងមិនឲ្យមានការទាក់ទងមុខជំនួញជាមួយអ៉ីរ៉ង់ ប៉ុន្តែលោកបានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់គ្មានអ្វីត្រូវព្រួយបារម្ភឡើយ ព្រោះតែទីក្រុងវ៉ាស៉ីនតោន ហាក់ដូចជាគ្មានសមត្ថភាពដាក់សម្ពាធលើប្រទេសណាទៀតនោះទេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាចថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Qassemi បាននិយាយយ៉ាងដូច្នេះថា «អត់មានរឿងអ្វីត្រូវបារម្ភនោះទេ យើងគួរតែរង់ចាំមើលភាពបរាជ័យរបស់អាមេរិក ដែលនឹងមិនអាចអនុវត្តន៍វិធានការណាមួយប្រឆាំងនឹងប្រជាជាតិអ៉ីរ៉ង់ដ៏អស្ចារ្យ និងអង់អាចបានឡើយ។ និយាយរួមទៅ អាមេរិក ដូចជាលែងមានសមត្ថភាពទៀតហើយ ក្នុងការគាបសង្កត់ប្រទេស ក៏ដូចជាស្ថាប័នអន្តរជាតិឲ្យធ្វើតាមអ្វីដែលខ្លួនចង់បាន»។
គួរជម្រាបថា នៅដើមសប្តាហ៍ក្រោយកញ្ចប់ទណ្ឌកម្មធ្ងន់ៗទាំងប៉ុន្មាន ដែលអាមេរិកបានដកចេញ នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអែរឆ្នាំ២០១៥ នឹងចូលជាធរមានឡើងវិញ ដោយវានឹងប៉ះពាល់ដល់វិស័យសំខាន់ៗនៃប្រទេសអ៉ីរ៉ង់ រួមមានទាំងវិស័យនាំចេញប្រេងជាដើម។ ទោះបីជាមានការប្រកាសដាក់ទណ្ឌកម្ម លើការនាំចេញប្រេងអ៉ីរ៉ង់ក៏ដោយក្តី កន្លងមកនេះ ប្រទេសមួយចំនួនដូចជាឥណ្ឌា កូរ៉េខាងត្បូង និងជប៉ុន ជាដើម នៅតែប្រកាន់ជំហររកស៊ីប្រេងជាមួយអ៉ីរ៉ង់ដដែល ដោយសង្ឃឹមថានឹងអាចទទួលបានការលើកលែងពីអាមេរិក៕