(ហ្សាការចា)៖ អ្នកមុជទឹកម្នាក់របស់ក្រុមសង្គ្រោះឥណ្ឌូណេស៊ី បានស្លាប់បាត់បង់ជីវិតនៅក្នុងបេសកកម្មរុករក យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះជាមួយនឹងមនុស្ស ១៨៩នាក់ ដែលត្រូវបានគេអះអាងថា គ្មាននរណាម្នាក់នៅរស់នោះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
អ្នកមុជទឹកវ័យ ៤៨ឆ្នាំ ខាងលើនេះមានឈ្មោះ ស៊ីយ៉ាចរូល អាន់តូ (Syachrul Anto) តាមពិតទៅបានស្លាប់តាំងពីថ្ងៃសុក្រមកម្ល៉េះ ប៉ុន្តែអាជ្ញាធរឥណ្ឌូណេស៊ីទើបតែបញ្ចេញព័ត៌មាននៅថ្ងៃសៅរ៍នេះប៉ុណ្ណោះ ដោយកាលពីវេលាម៉ោង ៤៖០០នាទីរសៀលថ្ងៃសុក្រ លោក Anto មិនបានឡើងមកលើទូកវិញឡើយ ក្រោយពីការចុះទៅស្វែងរកយន្តហោះ (ប្រអប់ខ្មៅមួយផ្សេងទៀត) នៅក្នុងដែនសមុទ្រនៃកោះជ្វាភាគខាងលិច។
គួរបញ្ជាក់ថា ក្រោយពីទទួលបានតំណឹងពីការបាត់ខ្លួននេះ ក្រុមសង្គ្រោះដែលជាគ្នីគ្នារបស់លោកបានចុះទៅស្វែងរកលោក ហើយក៏បានស្រង់រូបលោកមកវិញនៅវេលាម៉ោង ១០៖៣០នាទីយប់ (ម៉ោងនៅសិង្ហបុរី)។ ទោះបីជាបែបនេះក្តី រូបកាយរបស់លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Koja ទើបមានការប្រកាសថា លោកបានស្លាប់បាត់ទៅហើយ។ បើតាមសម្តីរបស់ក្រុមអ្នករួមការងារ លោក Anto ក៏ធ្លាប់បានចូលរួមក្នុងសកម្មភាពសង្គ្រោះ ក្រោយឥណ្ឌូណេស៊ីរងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិនៅលើកោះ ផាលូ កាលពីខែកញ្ញាថ្មីៗនេះផងដែរ៕