(ការ៉ាកាស់)៖ ប្រធានសភាធម្មនុញ្ញ (ANC) វេណេស៊ុយអេឡា នាថ្ងៃសុក្រសប្តាហ៍នេះ បានថ្កោលទោសកញ្ចប់ទណ្ឌកម្មថ្មីផ្សេងទៀត ដែលសហរដ្ឋអាមេរិកបានដាក់មកលើការនាំចេញដុំមាស របស់ប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប្រធាន ANC លោក ឌីយ៉ូដាឌូ ខាប៊ែលឡូ (Diosdado Cabello) បាននិយាយថា «ឥរិយាបថក្រអើតក្រទមរបស់ពួកចក្រពត្តិនិយម ដែលជឿថាទណ្ឌកម្មរបស់ពួកគេនឹងអាចគាបសង្កត់ប្រជាជនវេណេស៊ុយអេឡាបាននោះ គឺគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ»។ ប្រតិកម្មឆ្លើយតបរបស់រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មថ្មីថែមទៀតលើការនាំចេញដុំមាសរបស់ វេណេស៊ុយអេឡា ខណៈទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បានប្រកាសពីគោលនយោបាយកាន់តែតឹងរ៉ឹង ប្រឆាំងប្រទេសគុយបា នីការ៉ាហ្គ័រ និងវេណេស៊ុយអេឡា។
គួរជម្រាបថា បើតាមលោក Cabello ការនាំចេញដុំមាសគឺជាប្រភពចំណូលយ៉ាងសំខាន់ សម្រាប់វេណេស៊ុយអេឡា ក្នុងការទិញថ្នាំពេទ្យ និងស្បៀងអាហារ នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយលោកបានហៅទង្វើរបស់អាមេរិកថា ជាការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងវេណេស៊ុយអេឡាថែមទៀតផង។។ យ៉ាងណាមិញលោក Cabello បានបញ្ជាក់ថា រដ្ឋាភិបាលវេណេស៊ុយអេឡា ស្វាគមន៍ជានិច្ចក្នុងការបើកកិច្ចចរចាជាមួយសហរដ្ឋអាមេរិក៕