(ហែលស៊ីងគី)៖ អាកាយានិកមួយរូបនៃអាកាសចរណ៍ន័រវែស ត្រូវបានអាជ្ញាធរនាំខ្លួនចុះពីលើយន្តហោះក្នុងអាកាសយានដ្ឋានទីក្រុង ហែលស៊ីងគី (Helsinki) នៃប្រទេសហ្វាំងឡង់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា រូបលោកមានអការៈស្រវឹងស្រា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
បន្ទាប់ពីការពិនិត្យរួចរាល់ អាជ្ញាធរនៃអាកាសយានដ្ឋានខាងលើនេះបានប្រាប់ឲ្យដឹងថា ពីឡុតនៅលើយន្តហោះន័រវែសរូបនោះ គឺមានផ្ទុកជាតិអាល់កុលក្នុងខ្លួនកម្រិតទាបបំផុត គឺពី ០ រហូត ០.៥ ប៉ុណ្ណោះ (ស្ទើរតែគ្មា)។ ការធ្វើបែបនេះក៏ព្រោះតែប៉ូលិសនៃអាជ្ញាធរគ្រប់គ្រងវិស័យអាកាសចរណ៍ហ្វាំងឡង់ កំពុងតែអនុវត្តន៍បទបញ្ជាយ៉ាងតឹងរ៉ឹង ដោយមិនអនុញ្ញាតឲ្យមានសារធាតុស្រវឹងបន្តិចនោះឡើយ នៅក្នុងខ្លួនអាកាសយានិកគ្រប់ៗរូបតែម្តង។
ទោះជាបែបនេះក្តី ប៉ូលិសផ្នែកស៊ើបអង្កេតរបស់ហ្វាំងឡង់ឈ្មោះ មីកា ឡេណេ (Mika Laine) បានប្រាប់សារព័ត៌មានក្នុងតំបន់ថា «ការនាំយកពីឡុតខាងលើនេះចេញពីយន្តហោះ គឺត្រូវបានធ្វើឡើងដោយសមរម្យ ហើយក្រោយការធ្វើតេស្តរួចរាល់នោះ រូបលោកគឺមិនមានជាតិអាល់កុលដែលអាចបង្កជាបញ្ហានោះឡើយ»។
គួរបញ្ជាក់ថា ក្រោយការពិនិត្យរួចពីឡុតរូបនោះត្រូវបានដោះលែង ហើយអាកាសចរណ៍ន័រវែសដែលមានជើងហោះហើរ D8772 បានធ្វើការហោះហើរពីទីក្រុង Helsinki ទៅកាន់ទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម នៅវេលាម៉ោង ២២៖៣០នាទីយប់ថ្ងៃសុក្រ (ម៉ោងនៅតំបន់អឺរ៉ុប) ដោយសុវត្ថិភាព៕