(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នាថ្ងៃសុក្រសប្តាហ៍នេះ បានរិះគន់ផែនការបញ្ជូនទ័ពរាប់ពាន់នាក់ ទៅកាន់ព្រំដែនអាមេរិក-ម៉ិចស៉ីកូ ដើម្បីរារាំងមិនឲ្យជនភៀសខ្លួនមិនឲ្យហូរចូលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ថា «ជាឆាកល្ខោននយោបាយ» ដើម្បីទាក់ទាញអ្នកគាំទ្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខប្រជាជនអាមេរិក នាអំឡុងការជួយឃោសនារកសំឡេងឆ្នោតសម្រាប់អ្នកនយោបាយបក្សប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិសប្តាហ៍ក្រោយ លោក អូបាម៉ា បាននិយាយថា ដើម្បីតែការរៀបចំឆាកល្ខោននយោបាយនៅព្រំដែនភាគខាងត្បូង ដើម្បីទាក់ទាញអ្នកគាំទ្រ រដ្ឋបាលលោក ត្រាំ សុខចិត្តធ្វើឲ្យកងទ័ពអាមេរិកឃ្លាតឆ្ងាយពីក្រុមគ្រួសាររបស់ពួកគេ។
គួរបញ្ជាក់ថា នាពេលកន្លងមកនេះលោក ត្រាំ បានប្រើពាក្យសម្តីវាយប្រហារលើការភៀសខ្លួនទ្រង់ទ្រាយធំនៃប្រជាជនមកពីតំបន់អាមេរិកកណ្តាល ដែលមានបំណងចង់ឆ្លងចូលទឹកដីអាមេរិក តាមច្រកព្រំដែនពីប្រទេសម៉ិចស៉ីកូ ថាជាការឈ្លានពានមួយ ហើយលោកបាន និងគ្រោងបញ្ជូនទ័ពបន្ថែមរាប់ពាន់នាក់ ដើម្បីពង្រឹងការការពារជាតិនៅឯព្រំដែន៕