(វ៉ាស៉ីនតោន)៖ យោធាអាមេរិកកំពុងទទូចឲ្យតៃវ៉ាន់ ទិញអាវុធពីអាមេរិកបន្ថែមទៀត ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន ពីព្រោះថាសមត្ថភាពបច្ចុប្បន្នរបស់តៃវ៉ាន់ មិនអាចធានាសុវត្ថិភាពខ្លួនឯងបានឡើយ ក្នុងករណីដែលមានការឈ្លានពានពីចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ដេវីដ ហាលវៃ (David Halvey) ដែលជាមន្រ្តីការពារជាតិជាន់ខ្ពស់អាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខប្រចាំតំបន់អាស៉ី-ប៉ាស៉ីហ្វិក បានធ្វើការណែនាំថា កោះតៃវ៉ាន់ត្រូវតែមានធនធានបន្ថែម ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន ក្នុងគោលដៅទប់ស្កាត់ការឈ្លានពានពីចិន។ លោក Halvey ក៏បានរិះគន់ទីក្រុងប៉េកាំងចំពោះការធ្វើឲ្យធ្លាក់ចុះចំណងការទូតរបស់តៃវ៉ាន់ នៅលើឆាកអន្តរជាតិផងដែរ។
គួរជម្រាបថា ការណែនាំពីយោធាអាមេរិកបានកើតមានឡើង ក្រោយពីមានការចេញផ្សាយព័ត៌មានថា កោះតៃវ៉ាន់គ្រោងនឹងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតមួយ នាចុងខែវិច្ឆិកានេះ នៅសមុទ្រចិនខាងត្បូង។ ជុំវិញការបញ្ឆេះបញ្ហាខាងលើនេះ ទីក្រុងប៉េកាំងក៏ធ្លាប់ព្រមានផងដែរថា ខ្លួននឹងការពារកោះតៃវ៉ាន់ឲ្យបានទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ហើយថាគ្មានកម្លាំងណាមួយអាចមកផ្តាច់យកកោះតៃវ៉ាន់ ដែលជាខេត្តមួយរបស់ចិននោះឡើយ៕