(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃសុក្រសប្តាហ៍នេះ ហាក់ដូចបានក្រឡាស់សម្តីរបស់លោក បន្ទាប់ពីការផ្តល់អនុសាសន៍ថា កងទ័ពអាមេរិក ដែលបញ្ជូនទៅកាន់ព្រំដែនអាមេរិក-ម៉ិចស៉ីកូ មានសិទ្ធិប្រើកាំភ្លើងបាញ់ទៅលើជនភៀសខ្លួនទាំងឡាយណា ដែលហ៊ានយកដៃគប់ដុំថ្មមកលើពួកគេមកថា ជនទាំងនោះនឹងគ្រាន់តែត្រូវចាប់ខ្លួនប៉ុណ្ណោះវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
បន្ទាប់ពីបាននិយាយថា យោធានៅព្រំដែនអាចបាញ់ជនអន្តោប្រវេសន៍ ដែលឆ្លងចូលព្រំដែនអាមេរិកដោយខុសច្បាប់ ប្រសិនបើពួកគេចោលដុំថ្មមកលើកងទ័ពនោះ លោក ដូណាល់ ត្រាំ បានធ្វើការលើកឡើងសាជាថ្មី នៅចំពោះមុខក្រុមអ្នកសារព័ត៌មានថា កងទ័ពមិនចាំបាច់ធ្វើបែបនោះឡើយ ប៉ុន្តែប្រសិនបើជនភៀសខ្លួនគប់ដុំថ្មមកលើយោធាអាមេរិក ពួកគេនឹងត្រូវចាប់ឃាត់ខ្លួនសម្រាប់រយៈពេលយ៉ាងយូរ។
គួរជម្រាបថា សម្តីរបស់លោក ត្រាំ ទាក់ទិននឹងការអនុញ្ញាតឲ្យបាញ់ជនភៀសខ្លួននេះ បានបង្កឲ្យផ្ទុះការរិះគន់ជាខ្លាំងពីសំណាក់ក្រុមការពារសិទ្ធិមនុស្ស ដែលបាននិយាយថា លោកប្រធានាធិបតីអាមេរិក កំពុងបំផុសភាពភ័យខ្លាច នៅមុនការបោះឆ្នោតសភានាសប្តាហ៍ក្រោយ។ មួយរយៈចុងក្រោយនេះ លោក ដូណាល់ ត្រាំ ត្រូវគេមើលឃើញថា បានបង្ហាញគោលជំហរតែម៉ឺងម៉ាត់ ជុំវិញបញ្ហាអន្តោប្រវេសន៍ ដើម្បីជំរុញទឹកចិត្តអ្នកគាំទ្ររបស់លោក នៅមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែវិច្ឆិកា៕