(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសថា នឹងធ្វើការដាក់ទណ្ឌកម្មទាំងអស់ឡើងវិញលើប្រទេសអ៉ីរ៉ង់ បន្ទាប់មានពីមានការលើកលែង នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
សេតវិមានបានចេញសេចក្តីថ្លែងការណ៍ថា ទណ្ឌកម្មទាំងអស់នោះនឹងចូលជាធរមាននៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ហើយមានគោលដៅទៅលើវិស័យសំខាន់ៗរបស់អ៉ីរ៉ង់ រួមមានដូចជាវិស័យថាមពល ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ការសាងសង់នាវា និងវិស័យហិរញ្ញវត្ថុជាដើម។ បើតាមសេចក្តីថ្លែងការណ៍ដដែល បុគ្គល អង្គភាព កប៉ាល់ និងយន្តហោះជាង ៧០០ គ្រឿង-នាក់ នឹងវិលត្រឡប់ចូលទៅក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកវិញ ដោយរួមមានទាំងធនាគារ ក្រុមហ៊ុននាំចេញ និងក្រុមហ៊ុនដឹកជញ្ជូនធំៗរបស់អ៉ីរ៉ង់។
គួរជម្រាបថា ឆ្លើយតបចំពោះសេចក្តីប្រកាសនេះ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់បាននិយាយថា ប្រទេសអ៉ីរ៉ង់ពុំមានការព្រួយបារម្ភជុំវិញកញ្ចប់ទណ្ឌកម្មរបស់អាមេរិកឡើយ៕