(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចង់បានកិច្ចព្រមព្រៀងមួយជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង នាឱកាសដែលមេដឹកនាំទាំងពីរចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសអាហ្សង់ទីន នៅចុងខែវិច្ឆិកានេះ។ នេះបើតាម Bloomberg ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។
សារព័ត៌មាន Bloomberg ផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក ០៤នាក់ បានបញ្ជាក់ថា លោក ដូណាល់ ត្រាំ ក៏បានស្នើឱ្យមន្ត្រីអាមេរិកសំខាន់ៗធ្វើសេចក្ដីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយចិនផងដែរ ហើយការជម្រុញឱ្យមានកិច្ចព្រមព្រៀងនេះទៀតសោត កើតមានឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
ប្រភពដដែលបានបន្ថែមថា លោក ត្រាំ និងលោក ស៊ី បានបង្ហាញពីសុទិដ្ឋិនិយមរៀងៗខ្លួនលើ ដំណោះស្រាយសម្រាប់សង្រ្គាមពាណិជ្ជកម្មបច្ចុប្បន្ន រវាងមហាយក្សទាំងពីរ ដែលអាចនឹងលេចចេញជារូបរាងនៅក្នុងកិច្ចប្រជុំ G20 នៅក្នុងប្រទេសអាហ្សង់ទីន នៅចុងខែវិច្ឆិកានេះ។
គួរជម្រាបថា បើទោះជាមានកិច្ចចរចាជាបន្តបន្ទាប់ក៏ដោយ ក៏សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ រីឯលោក ដូណាល់ ត្រាំ ក៏បានព្រមានដែរថា នឹងតម្លើងពន្ធបន្ថែមលើផលិតផលនាំចូលពីចិននៅករណី ដែលគ្មានដំណោះស្រាយណាមួយទេនោះ៕