(ប៉េកាំង)៖ ខណៈដែលបណ្តាក្រុមហ៊ុនយក្ស ផលិតទូរស័ព្ទស្មាតហ្វូនល្បីៗលើលោក ដូចជា Samsung, Apple, Huawei, Oppo, Vivi, Xiaomi និង LG ជាដើម កំពុងតែងាកទៅផលិតស្មាតហ្វូនដែលមានគែមអេក្រង់កាន់តែខ្លី និងខ្លះមានឆកក្បាលនោះ ក្រុមហ៊ុនមួយរបស់ចិនហាក់មានចិត្តធំ ដោយចង់លោតផ្លោះឲ្យកាន់តែអស្ចារ្យជាងនេះទៀត នោះគឺការផលិតស្មាតហ្វូន ឬ Tablet ដែលមានអាចកាច់បានមួយតួខ្លួន ដោយមិនមែនត្រឹមតែអាចកាច់អេក្រង់ដូចជា Samsung ឬ Lenovo ធ្លាប់ធ្វើនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រុមហ៊ុនចិនមួយបានបញ្ចេញស្មាតហ្វូន ឬ Tablet ដែលមានទំហំអេក្រង់រហូត ៧.៨អ៊ីញ មានឈ្មោះថា FlexPai ដោយមានសមត្ថភាពបញ្ចេញពណ៌ និងពន្លឺអេក្រង់ ភ្លឺថ្លាជាងអេក្រង់ AMOLED ដែលក្រុមហ៊ុនយក្ស Apple ទិញពី Samsung យលទៅបំពាក់លើ iPhone ជំនាន់ក្រោយរបស់ខ្លួនទៅទៀត។ ស្មាតហ្វូនដែលអាចហៅបានថា Tablet ទៅហើយនេះ គឺត្រូវបានបង្កើតឡើងដោយផ្តោតទៅលើសមត្ថភាពលេងហ្គេម ដើម្បីបំពេញចិត្តមនុស្សដែលចូលចិត្តឧបករណ៍ឆ្លាតវៃ ដែលអាចលេងហ្គេមបានយ៉ាងជក់ចិត្ត ងាយស្រួល ខ្លាំងក្លា និងគ្រប់កាលៈទេសៈ។
លក្ខណៈពិសេសបន្ថែមទៀតរបស់ FlexPai គឺនៅពេលដែលយើងធ្វើការកាច់ Tablet នោះជាពីរ វាក៏ប្រែក្លាយឧបករណ៍នេះទៅជាការបំពេញមុខងារបានពីរផ្នែក នៅពេលជាមួយគ្នាផងដែរ ឧទាហរណ៍នៅពេលយើងកំពុងលេងហ្គេម យើងអាចកាច់វាជាពីរ ដោយមួយចំហៀងសម្រាប់លេងហ្គេម និងមួយចំហៀងទៀតសម្រាប់ការលេងបណ្តាញសង្គម ឬអ្វីៗផ្សេងៗទៀតទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។
នៅរយៈពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ក៏គ្រោងនឹងប្រកាសអំពីស្មាតហ្វូន ដែលអាចបត់តួខ្លួនបានផងដែរ ប៉ុន្តែគេនៅមិនទាន់ច្បាស់ថា វាមានលក្ខណៈសម្បត្តិយ៉ាងណាខ្លះនោះឡើយ។ ដោយឡែកក្រុមហ៊ុន Huawei និង LG វិញត្រូវបានគេរាយការណ៍ថា កំពុងតែអភិវឌ្ឍន៍បច្ចេកវិទ្យាបត់តួខ្លួន និងអេក្រង់ស្មាតហ្វូននេះដូចគ្នា។ សម្រាប់ FlexPai វិញនឹងមានទម្ងង់រហូតដល់ទៅ ៣២០ក្រាម ដែលធ្ងន់ជាង ស៊េរី iPhone Xs Max និង Samsung Galaxy Note ទៅទៀត។
គួរបញ្ជាក់ថា ផលិតផល FlexPai របស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ខាងលើនេះ ត្រូវបានបញ្ចេញលក់ហើយ ដោយគ្រប់គ្នាអាចបញ្ជាទិញពីវែបសាយរបស់ក្រុមហ៊ុន FlexPai ផ្ទាល់នៅក្នុងតម្លៃពី ១,២៩០ដុល្លារ ទៅ ១,៨៦៣ដុល្លារអាមេរិក ទៅតាមលក្ខណៈសម្បត្តិពីទាប ទៅខ្ពស់របស់វាតែម្តង។ អ្វីដែលពិសេសនោះ ក្រុមហ៊ុនខាងលើនេះបានសន្យាថា នឹងប្រគល់ថវិកា ៣០លានដុល្លារ ដើម្បីឧបត្ថម្ភដល់ក្រុម Developers ដែលបង្កើតកម្មវិធី ឬហ្គេម តម្រូវទៅលើស្មាតហ្វូនក្រុមហ៊ុននេះ៕