(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន លោក អាណាតូលី អាន់តូនូវ (Anatoly Antonov​) បាននិយាយថា រុស្ស៊ីគំាទ្រការបង្កើត​សន្ធិសញ្ញា អាវុធ​នុយក្លេអ៊ែរ Intermediate Nuclear Forces Treaty (INF) គឺជាកិច្ចព្រមព្រៀង​ពហុភាគីមួយ​ ដែលមិនមែនបំណង​ចង់ឱ្យ​ចិនតែមួយគត់​ចូលរួមនោះទេ ប៉ុន្តែគឺសម្រាប់​សមាជិកអង្គការណាតូ​ (NATO) ទាំងអស់ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។

ថ្លែងប្រាប់អ្នកសារព័ត៌មាន​នៅថ្ងៃសុក្រនេះ លោក Antonov បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «រុស្ស៊ីបានគាំទ្រ និងជួយសម្រួល​ដល់ការ​បង្កើត​សន្ធិសញ្ញា​ INF គឺក្នុងគោលបំណង​ទុកវាជាកិច្ចព្រមព្រៀង​ពហុភាគី ពោលគឺមិនមែន​សម្រាប់តែចិន​ឡើយ តែបណ្ដា ប្រទេសជា​សមាជិកអង្គការណាតូ​ទាំងអស់​ដូចជាអង់គ្លេស និងបារាំង ក៏គួរតែចូលរួម​ក្នុងកិច្ចព្រមព្រៀង​នេះដែរ»

គួរបញ្ជាក់ថា បើតាម​លោក Anatoly Antonov​ INF មិនមែនជា​កិច្ចព្រមព្រៀងថ្មីថ្មោង​នោះទេ តែវាមានអាយុកាល​ជាង ១០ឆ្នាំ ទៅហើយ។ លើសពីនេះ​ទៅទៀត អគ្គរដ្ឋរុស្ស៊ីរូបនេះ​ក៏បានសង្កតធ្ងន់​ដែរថា បើទោះជា​សហរដ្ឋអាមេរិកព្រមាន​ដកខ្លួនចេញពី សន្ធិសញ្ញា INF ក៏ដោយ ក៏មកទល់នឹង​ពេលនេះ​ទីក្រុងម៉ូស្គូ មិនទាន់ទទួលបានការ​សម្រេចចិត្តជា​ផ្លូវការណាមួយ​ ពីទីក្រុងវ៉ាស៊ីនតោន​នៅឡើយដែរ៕