(វ៉ាស៉ីនតោន)៖ យានអវកាស Dawn របស់អង្គការ NASA ដែលបានគោចរជុំវិញដុំថ្មអវកាសធំៗចំនួន ០២ នៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ឈ្មោះ Vesta និង Ceres និងសម្រេចបានសមិទ្ធផលជាច្រើននោះ ទីបំផុតអស់ឥន្ធនៈ និងបានឈានដល់ទីបញ្ចប់បាត់ទៅហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ NASA ដកស្រង់ខ្លឹមសារដោយវែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការបញ្ចប់បេសកកម្ម Dawn គឺជារឿងគួរឲ្យសោកស្តាយថ្មីមួយទៀត ចំពោះអ្នកគាំទ្រវិស័យអវកាស។ កាលពីចុងខែតុលាថ្មីៗនេះ NASA ទើបតែបានធ្វើសេចក្តីប្រកាសហើយប៉ុណ្ណោះថា កែវយឺតអវកាស Kepler ដែលបានរកឃើញភពប្រមាណ ៧០ភាគរយនៃភពអេលៀនចំនួន ៣,៨០០ ដែលយើងស្គាល់នោះ ក៏អស់ឥន្ធនៈហើយត្រូវបញ្ចប់បេសកកម្មផងដែរ។ បេសកកម្មរបស់ Kepler នឹងត្រូវបោះបង់ចោលជាផ្លូវការនៅមួយសប្តាហ៍ ឬពីរសប្តាហ៍ក្រោយ។
យានអវកាស Dawn ដែលមានតម្លៃ ៤៦៧លានដុល្លារ ត្រូវបានបញ្ជូនឡើងអវកាសកាលពីខែកញ្ញា ឆ្នាំ២០០៧ ដើម្បីសិក្សាទៅលើអាចម៍ផ្កាយយក្ស Vesta (មុខកាត់ ៥៣០គីឡូម៉ែត្រ) ដែលត្រូវចាត់ថ្នាក់ជា Protoplanet និង Ceres (៩៥០គីឡូម៉ែត្រ) ដែលត្រូវចាត់ថ្នាក់ជា Dwaft Planet។ អ្នកវិទ្យាសាស្រ្តបានចាត់ទុកដុំថ្មទាំងពីរនេះថា ជាវត្ថុដែលនៅសេសសល់ពីសម័យកាលនៃការកកើតភពនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដូច្នេះហើយទើបបេសកកម្មនេះ មានឈ្មោះថា Dawn ដែលមានន័យថា ព្រឹកព្រលឹម ឬការចាប់ផ្តើមដំបូង។
យាន Dawn បានទៅដល់ Vesta នៅខែកក្កដា ឆ្នាំ២០១១ និងបានចំណាយពេល ១៤ខែ ដើម្បីសិក្សាលើវាពីចម្ងាយ។ Dawn បានចាកចេញពី Vestan នៅខែកញ្ញា ឆ្នាំ២០១២ និងទៅដល់ Ceres នៅខែមីនា ឆ្នាំ២០១៥។ Dawn បានក្លាយជាយានអវកាសមុនគេដែលបានគោចរជុំវិញ ភពបម្រុង (Dwarf Planet) និងជាយានដំបូងបង្អស់ ដែលធ្វើដំណើរជុំវិញវត្ថុចំនួនពីរ នៅក្រៅប្រព័ន្ធផែនដី-ព្រះច័ន្ទ។
ក្នុងអំឡុងការធ្វើប្រតិបត្តិការរបស់វា Dawn បានប្រើប្រាស់សារធាតុ Hydrazine ធ្វើជាឥន្ធនៈសម្រាប់តម្រង់ទិស ដូច្នេះនៅពេលឥន្ធនៈនេះអស់ យានអវកាស Dawn លែងអាចតម្រង់ខ្លួនសិក្សាលើ Ceres ដើម្បីបាញ់បញ្ជូនទិន្នន័យមកកាន់ផែនដី ឬក៏ដើម្បីសាកផ្ទាំងសូឡារបស់វាបានទៀតឡើយ។
គួរជម្រាបថា តទៅមុខយានអវកាស Dawn នឹងស្ថិតនៅក្នុងគន្លងជុំវិញ Ceres សម្រាប់រយៈពេលយ៉ាងតិច ២០ឆ្នាំ ឬអាចយូរជាងនេះក៏ថាបាន។ ក្រុមការងារបេសកកម្មធ្លាប់បាននិយាយថា វាមានលទ្ធភាពខ្ពស់លើសពី ៩៩ភាគរយទៅទៀតថា យានអវកាសនេះនឹងមិនធ្លាក់ទៅទង្គិចជាមួយ Ceres ឡើយ យ៉ាងហោចណាស់សម្រាប់រយៈពេល ០៥ទសវត្សរ៍ខាងមុខ។
ការបញ្ចប់បេសកកម្មនៃយាន Dawn និង Kepler ពុំមែនជារឿងគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកវិទ្យាសាស្រ្តឡើយ ដោយក្រុមការងារនៃបេសកកម្មទាំងពីរ បានដឹងជាយូរខែមកហើយថា បេនស្តុកឥន្ធនៈរបស់យានអវកាសទាំងពីរ គឺកាន់តែរីងទៅៗ ដោយរង់ចាំតែថ្ងៃអស់រលីងប៉ុណ្ណោះ៕