(ប៉េកាំង)៖ អាជ្ញាធរចិននៅថ្ងៃសុក្រនេះ បានអះអាងថា សោកនាដកម្មរថយន្ដក្រុងធ្លាក់ចូលទឹកទន្លេ យ៉ាងសេ (Yangtze) នៃទីក្រុងចុងគីង (Chongqing) កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន គឺបង្កឡើងដោយសារការវាយតប់គ្នារវាងអ្នកបើកបរ និងអ្នកដំណើរម្នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។
អាជ្ញាធរចិននៅក្នុងទីក្រុង Chongqing ផ្អែកវីដេអូកាមេរ៉ាសុវត្ថិភាពឱ្យដឹងទៀតថា ស្ត្រីជាអ្នកដំណើរម្នាក់មានឈ្មោះ លីវ (Liu) អាយុ ៤៨ឆ្នាំ បានវាយលើអ្នកបើកបររថយន្ដក្រុងឈ្មោះ រ៉ាន (Ran) ដោយសារតែអ្នកបើកបរនេះ បើករថយន្ដហួសចំណតឈប់របស់លោកស្រី។ លោកស្រី Liu បានយកទូរស័ព្ទដៃវាយលើ លោក Ran ចំនួន ០២លើកនៅពេលកំពុងបើកបរ ហើយលោកក៏បានព្យាយាមបញ្ជាចង្កូតផងដែរ តែនៅពេលលោកតដៃដើម្បីការពារខ្លួន រថយន្ដស្រាប់តែជ្រុលចង្កូចធ្លាក់ពីលើស្ពានចូលទឹកទន្លេ Yangtze តែម្ដង។
គួរបញ្ជាក់ថា វីដេអូកាម៉េរ៉ាសុវត្ថិភាពជាប់រថយន្ដក្រុងខាងលើ ត្រូវបានយកចេញពី SD card ដែលត្រូវបានស្រង់ចេញពីទឹក ជាទីដែលរថយន្ដក្រុងនេះធ្លាក់។ ចំណែកឯ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ មនុស្សសរុប ១៥នាក់ បានជិះនៅលើរថយន្ដ ក្រុងនេះដែលបានធ្លាក់ចូលទឹកទន្លេ Yangtze ស្ថិតក្នុងស្រុក វ៉ានចូវ (Wanzhou) នៃទីក្រុង Chongqing ភាគនិរតីប្រទេសចិន ហើយសាកសពមនុស្ស ១៣នាក់ ត្រូវស្រង់ចេញពីទឹក និង ០២នាក់បាត់ខ្លួន៕