(កង់បេរ៉ា)៖ អ្នកមុជទឹកឈ្មោះ រីឆាដ ហារីស (Richard Harris) បានទទួលពានរង្វាន់កិត្តិយស Australian of the Year Award នៃរដ្ឋអូស្រ្តាលីខាងត្បូង សម្រាប់កិច្ចខិតខំចូលរួមចំណែករបស់លោក នៅក្នុងយុទ្ធនាការជួយសង្រ្គោះក្រុមបាល់ទាត់យុវជនថៃ «ជ្រូកព្រៃ» ចេញពីល្អាងភ្នំលិចទឹកនៅខេត្តភាគខាងជើងថៃ កាលពីខែកក្កដាកន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Harris បានលេចឈ្មោះតាមសារព័ត៌មានអន្តរជាតិធំៗ បន្ទាប់ពីមានការលាតត្រដាងថា លោកគឺជាបុគ្គលចុងក្រោយគេដែលបានចាកចេញពីរូងភ្នំលិចទឹក ក្រោយពីបានជួយសង្រ្គោះក្មេងប្រុសចំនួន ១២នាក់ ព្រមទាំងគ្រូបង្វឹករបស់ពួកគេម្នាក់ នៅខេត្តឈៀងរ៉ៃប្រទេសថៃ។
គ្រូពេទ្យឯកទេសប្រើថ្នាំសន្លប់ និងអ្នកជំនាញមុជទឹករូបនេះ បានប្រើសមត្ថភាពដែលខ្លួនមានទាំងប៉ុន្មាន ដើម្បីជួយនាំផ្លូវក្មេងប្រុសទាំងនោះ ចេញមកកាន់ទីសុវត្ថិភាព។ គណៈកម្មការពានរង្វាន់ Australian of the Year Award បានឲ្យដឹងថា លោក Harris បានបង្ហាញពីការប្តេជ្ញាចិត្ត និងភាពហានក្លា ក្នុងអំឡុងប្រតិបត្តិការជួយសង្រ្គោះ ដ៏គ្រោះថ្នាក់នាពេលនោះ។
គួរជម្រាបថា លោក Harris បានសុខចិត្តលុបចោលគម្រោងដំណើរកម្សាន្តមុជទឹកតាមល្អាងភ្នំរបស់ខ្លួន ហើយងាកមកចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះក្រុមបាល់ទាត់ខាងលើ ក្រោយមានការកោះហៅពីក្រុមអ្នកជំនាញមុជទឹក មកពីចក្រភពអង់គ្លេស។ ដោយឡែកម្ចាស់ជ័យលាភីពានរង្វាន់ Australian of the Year Award នៅតាមខេត្តទាំង ០៦ និងតំបន់ចំនួន ០២ នៃប្រទេសអូស្រ្តាលី នឹងក្លាយជាបេក្ខភាពប្រកួតប្រជែងសម្រាប់ពានរង្វាន់ Australian of the Year Awards ថ្នាក់ជាតិប្រចាំអូស្រ្តាលីទាំងមូល ដែលអ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី២៥ ខែមករា ឆ្នាំក្រោយ៕