(វ៉ាស៊ីនតោន)៖ ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិន សាល់ម៉ាន់ ធ្លាប់បានប្រាប់សហរដ្ឋអាមេរិកថា លោក ចាលម៉ាល់ ខាសហូកជី (Jamal Khashoggi) គឺជាមនុស្សដ៏មានគ្រោះថ្នាក់ ហើយការនិយាយបែបនេះ ធ្វើឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពី អ្នកកាសែតរូបនេះបានបាត់ខ្លួន ក្រោយចូលស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំប្រទេសតួកគី។ នេះបើតាមកាសែត Washington Post ដកស្រង់ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាម Washington Post ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី០៩ ខែតុលា ជាមួយកូនប្រសារប្រុសប្រធានាធិបតីអាមេរិកគឺលោក ហ្សារ៉េដ ឃូស្នឺ (Jared Kushner) និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) ព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន់ បានអះអាងថា លោក Khashoggi គឺជាមនុស្សមួយដ៏មានគ្រោះថ្នាក់ និងជាសមាជិកមួយរូបនៃអង្គការ Muslim Brotherhood។
មិនតែប៉ុណ្ណោះនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ ព្រះអង្គមា្ចស់រាជទាយាទ ក៏បានទទូចឱ្យសេតវិមាន ជួយការពារសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតផងដែរ។ ក៏ប៉ុន្តែនៅក្នុងសេចក្ដីថ្លែងការណ៍មួយផ្ញើជូន Washington Post ក្រុមគ្រួសារ លោក Khashoggi បានបដិសេធថា គាត់មិនមែនជាសមាជិកអង្គការ Muslim Brotherhood នោះទេ ហើយថាអ្នកកាសែតរូបនេះផ្ទាល់ ក៏បានធ្លាប់បានបដិសេធជាច្រើនឆ្នាំមកហើយដែរ។
គួរជម្រាបថា លោក Jamal Khashoggi ដែលជាអ្នកសារព័ត៌មានមកពីកាសែត Washington Post និងជាអ្នករិះគន់ម្នាក់លើ គោលនយោបាយដឹកនាំរបស់ព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន់ បានបាត់ខ្លួនក្រោយចូលស្ថានកុងស៊ុល ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល
ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨។ ម្យ៉ាងវិញទៀត បើទោះជាទីក្រុងរីយ៉ាដទទួលស្គាល់ថា អ្នកការសែតរូបនេះត្រូវគេសម្លាប់ក៏ដោយ ក៏មកទល់នឹងពេលនេះសាកសពរបស់លោក មិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ ខណៈបណ្ដាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកបានព្រមានថា នឹងដាក់ទណ្ឌកម្ម បើសិនជាអារ៉ាប៊ីសាអូឌីត មានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះ៕