(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលីរ៉េដ២០១៨ ក្រោមប្រធានបទ «រួមគ្នាដើម្បីការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា» ចាប់ផ្តើមជាផ្លូវការហើយ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយក្រុមកីឡាករ កីឡាការិនី ចាប់ផ្តើមប្រណាំងលើកំណាត់ផ្លូវក្នុងខេត្តកំពង់ស្ពឺ ដោយឆ្លងកាត់តំបន់ឧទ្យានជាតិគិរីរម្យ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
មុននឹងចាប់ផ្តើមការប្រណាំង លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានអញ្ជើញជាអធីបតីក្នុងកម្មវិធីគ្រវីទង់ ចាប់ផ្តើមការប្រណាំងយានយន្តជាផ្លូវការ នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសួនបឹងកក់ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលីរ៉េដ ២០១៨ សហការរៀបចំដោយ ក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា នឹងធ្វើការប្រណាំងដោយឆ្លងកាត់ខេត្តចំនួន៣ គឺខេត្តកំពង់ស្ពឺ ដោយឆ្លងឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិគិរីរម្យ, នៅក្នុងខេត្តកំពត ដែលឆ្លងកាត់តំបន់ឧទ្យាន ជាតិព្រះមុនីវង្សភ្នំបូកគោ ហើយនៅក្នុងខេត្តព្រះសីហនុ ឆ្លងកាត់តំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដែលមានចម្ងាយផ្លូវសរុបជាង៦៣០គីឡូម៉ែត្រ។ ព្រឹត្តិការណ៍នេះ មានការចូលរួមប្រកួតពីកីឡាករ កីឡាការិនី មកពី៥ប្រទេស រួមមាន កម្ពុជា ថៃ អូស្ត្រាលី វ៉ែល ស្កត់ឡែន សរុបមានម៉ូតូ១៦គ្រឿង និងរថយន្តចំនួន៩គ្រឿង។
ទាក់ទងនឹងការរៀបចំឲ្យមានការប្រណាំង រថយន្តឆ្លងកាត់តំបន់អភិរក្សនៅកម្ពុជានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីសារៈប្រយោជន៍ថា ដើម្បីផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ ដែលកម្ពុជាមានឲ្យប្រជាពលរដ្ឋបានដឹង ចូលរួមពង្រឹងការផ្សព្វផ្សាយ ពីការអនុវត្តច្បាប់ និងផ្សព្វផ្សាយពីភាពសម្បូណ៌បែបនៃធនធានធម្មជាតិ ព្រៃឈើ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលប្រទេសកម្ពុជាមាន និងជំរុញឲ្យមានការចូលរួមរបស់សាធារណជនក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឲ្យបានគង់វង្ស និងចូលរួមការពារបរិស្ថានឲ្យមាននិរន្តរភាព។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ជឿជាក់ថា តាមរយៈការផ្សព្វផ្សាយពីការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សនៅកម្ពុជានេះ នឹងធ្វើឲ្យពលរដ្ឋបានដឹងពី សក្តានុពលទេសចរណ៍ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាសហគមន៍ នៅជុំវិញតំបន់ការពារធម្មជាតិ ការបង្ហាញពីទេសភាពស្រស់បំព្រងនៃព្រៃព្រឹក្សា ស្រែចម្ការ និងជីវៈចម្រុះគ្រប់ប្រភេទ ហើយក៏ឆ្លងកាត់កំណាត់ផ្លូវលំបាកៗ រួមមាន ផ្លូវភ្នំ ផ្លូវភក់ ផ្លូវដីក្រហម ផ្លូវខ្សាច់ ផ្លូវមានឧបសគ្គ។
ដោយបានគូសបញ្ជាក់បច្ចុប្បន្ននេះ ប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមាន តំបន់ការពារធម្មជាតិ ចំនួន៥២ និងរបៀងអភិរក្សជីវៈចម្រុះ៣ (ឦសាន្ត ឧត្តរ និងជួរភ្នំក្រវាញ) មានផ្ទៃដីសរុបទំហំប្រមាណ ៧,២៣៩,៩២០ហិកតា ស្ថិតនៅក្រោមការការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា គូសបញ្ជាក់ថា ព្រឹត្តិការណ៍របៀបនេះ នឹងត្រូវសហការរៀបចំបន្តទៀតជាមួយសហព័ន្ធកីឡា យានយន្តកម្ពុជាដើម្បីផ្សព្វផ្សាយពីតំបន់ ការពារធម្មជាតិរបស់កម្ពុជា ដល់ប្រជាពលរដ្ឋខ្មែរ និងប្រជាជននៅលើពិភពលោកដើម្បីឲ្យពួកគាត់ បានដឹងពីភាពសម្បូណ៌បែប នៃធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជា និងរួមគ្នាអភិរក្សឲ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕