(ម៉ានីល)៖ អាជ្ញាធរតាមដានអាកាសធាតុហ្វីលីពីនបានព្យាករណ៍ថា ប្រទេសហ្វីលីពីន អាចនឹងទទួលរងការវាយប្រហារ ដោយព្យុះទីហ្វុងមួយ ឬពីរទៀតក្នុងខែវិច្ឆិកានេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមអ្នកជំនាញផ្នែកឧតុនិយមហ្វីលីពីន ជាទូទៅនាអំឡុងពេលចុងឆ្នាំបែបនេះ ព្យុះទីហ្វុងភាគច្រើនតែងវាយលុកលើតំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន ហើយពួកវានឹងវិវត្តន៍ខ្លួនឡើងនៅលើមហាសមុទ្រប៉ាស៉ីហ្វិក ឬនៅក្នុងដែនសមុទ្រនៃប្រទេសហ្វីលីពីនតែម្តង។
គួរជម្រាបថា ថ្មីៗនេះព្យុះទីហ្វុងឈ្មោះថា យូទូ (Yutu) ដែលបានសម្លាប់ជីវិតមនុស្សយ៉ាងតិច ១៥នាក់ និងធ្វើឲ្យជាច្រើននាក់ទៀតបាត់ខ្លួននោះ ទើបតែបានចាកចេញពីទឹកដីហ្វីលីពីន កាលពីថ្ងៃពុធសប្តាហ៍មុនប៉ុណ្ណោះ។ បើតាមអ្នកជំនាញ ហ្វីលីពីនតែងទទួលរងគ្រោះពីព្យុះទីហ្វុងកម្រិតធ្ងន់ នាអំឡុងត្រីមាសចុងក្រោយជារៀងរាល់ឆ្នាំ។ ព្យុះទីហ្វុង Yutu គឺជាព្យុះទីហ្វុងទី ១៨ ដែលបានវាយប្រហារលើហ្វីលីពីនក្នុងឆ្នាំ២០១៨ ខណៈប្រទេសអាស៊ាននេះ ជាធម្មតារងការវាយលុកពីព្យុះទីហ្វុងជាមធ្យមចំនួន ២០ ពីមួយឆ្នាំទៅមួយឆ្នាំ៕