(សាន់ទីអេហ្គោ)៖ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងជើងប្រទេសឈីលី ខណៈមិនទាន់មានសេចក្តីរាយការណ៍ពីមនុស្សរងគ្រោះ ឬក៏ការខូចខាតនៅឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Washington Post នៅព្រឹកថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។
អាជ្ញាធរឈីលីបានឲ្យដឹងថា គ្រោះធម្មជាតិខាងលើបានកើតមានឡើង នាវេលាម៉ោង ០៧៖២២នាទីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងតំបន់) ជាមួយចំណុចរំញ័រនៅចម្ងាយ ៨៨គីឡូម៉ែត្រ ភាគឦសានក្រុង អ៊ីគ្វីក (Iquique) ប៉ែកខាងជើងឈីលី និងមានជម្រៅ ៩៥គីឡូម៉ែត្រក្រោមផ្ទៃដី។ គ្រោះរញ្ជួយដីនេះ ក៏ពុំបានបង្កឲ្យការចេញសារព្រមាន ពីរលកយក្សស៊ូណាមិនោះឡើយ។
គួរជម្រាបថា ឈីលីក៏ជាប្រទេសមួយដែលស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើង នៅព័ទ្ធជុំវិញមហាសមុទ្រប៉ាស៉ីហ្វិក ដែលគេហៅថា Pacific Ring of Fire ផងដែរ។ កាលពីឆ្នាំ២០១០ គ្រោះរញ្ជួយដីកម្រិតធ្ងន់៨.៨រ៉ិចទ័រ បានវាយប្រហារប្រទេសឈីលី និងបង្កជារលកស៊ូណាមិ ដែលបានផ្តាច់ជីវិតមនុស្ស ៥២៥នាក់៕