(ប្រេស៉ីឡា)៖ ប្រធានាធិបតីទើបជាប់ឆ្នោតប្រេស៉ីល លោក ហ៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានឲ្យដឹងថា រូបលោកមានបំណងចង់រើស្ថានទូតប្រេស៉ីលនៅឯទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹមវិញ ដើម្បីបំពេញពាក្យសន្យារបស់លោក កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Bolsonaro បានលើកឡើងថា «អ៉ីស្រាអែលគឺជារដ្ឋអធិបតេយ្យមួយ ហើយយើងត្រូវតែគោរពរឿងនេះ»។ បើយ៉ាងដូច្នេះមែន ប្រេស៉ីលនឹងក្លាយជាប្រទេសទីបីហើយ បន្ទាប់ពីសហរដ្ឋអាមេរិក និងហ្គាតេម៉ាឡា ដែលសម្រេចផ្លាស់ប្តូរស្ថានទូតរបស់ខ្លួន ទៅកាន់ហ្សេរុយសាឡឹម។
គួរជម្រាបថា កាលពីខែឧសភាកន្លងទៅ អាមេរិកបានបើកសម្ពោធស្ថានទូតរបស់ខ្លួននៅហ្សេរុយសាឡឹម ហើយហ្គាតេម៉ាឡាក៏បានធ្វើដូចគ្នាផងដែរ។ រហូតមកទល់ពេលតំបន់ភាគខាងកើតហ្សេរុយសាឡឹម នៅតែជាដែនដីជម្លោះរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។ ប៉ាឡេស្ទីនបានទាមទារភាគខាងកើតហ្សេរុយសាឡឹម ដែលត្រូវអ៉ីស្រាអែលដណ្តើមកាន់កាប់បានក្នុងសង្រ្គាមរយៈពេល ០៦ថ្ងៃ កាលពីឆ្នាំ១៩៦៧ ធ្វើជារដ្ឋធានីនៃរដ្ឋរបស់ខ្លួន ខណៈអ៉ីស្រាអែលវិញបានទាមទារចង់ក្តោបក្តាប់យកទីក្រុងនេះទាំងមូល៕
នេះគឺជាលើកទីមួយចាប់តាំងតែពីការជាប់ឆ្នោត ដែលលោក Bolsonaro បានប្រកាសពីគម្រោងផ្លាស់ប្តូរទីតាំងស្ថានទូតប្រេស៉ីលនៅអ៉ីស្រាអែល ហើយនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានឆ្លើយតបជាមួយការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគម្រោងនេះ៕