(ប៉េកាំង)៖ ទារិកាម្នាក់បានរួចរស់ជីវិតនិងត្រូវគេជួយសង្រ្គោះនៅប្រមាណជា១២ម៉ោងក្រោយ បន្ទាប់ពីត្រូវឪពុកចិត្តដាច់របស់ខ្លួន​គ្រវែងចោលពីលើមាត់ជ្រោះ។ នេះបើតាមសេចក្តីរាយការណ៍​ព័ត៌មានក្នុងប្រទេសចិន ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ទារិកាខាងលើបានបាត់ខ្លួនចេញពីមន្ទីពេទ្យ Magui ក្នុងក្រុង Gaozhou នៃខេត្តក្វាងទុង (Guangdong) ប្រទេសចិន​ កាល​ពី​​ថ្ងៃ​សុក្រ​​​សប្តាហ៍​មុន។ ក្រោយការស៉ើបអង្កេតបឋម​ភ្លាមៗ ប៉ូលិសបានសង្ស័យលើសកម្មភាពរបស់បុគ្គលជាឪពុក ហើយទីបំផុតឪពុក​ម្នាក់​នោះ បានឆ្លើយសារភាពថា ពិតជាបានលួចនាំកូនស្រីចេញពីមន្ទីរពេទ្យ ហើយយកទៅទម្លាក់ចោលក្នុងជ្រោះ កាល​ពី​វេលា​ម៉ោង​០១រំលងអាធ្រាត ថ្ងៃដែលទារិកាបាត់ខ្លួន។

បុគ្គលជាឪពុក ដែលមានត្រកូល «លី» បាននាំប៉ូលិសនិងគ្រូពេទ្យ ឡើងទៅកាន់ជ្រលងជ្រោះមួយដែល​នៅ​ក្បែរ​មន្ទីរ​ពេទ្យ​ ជាទី​ដែល​ពួក​គេ​បានចាប់ផ្តើមការស្វែងរកនៅវេលាម៉ោង១១ព្រឹកថ្ងៃដដែល។ បើតាមការអះអាងពីឪពុក ទារិកានោះត្រូវបានដាក់ទៅក្នុងកញ្ចប់​បាវ​​នីឡុង​មួយ មុនពេលត្រូវគ្រវែងចោលទៅក្នុងជ្រោះ។

ទីបំផុតដោយសារតែសំឡេងយំរបស់ខ្លួន ទារិកានោះក៏ត្រូវបានអ្នកសង្រ្គោះរកឃើញ នាវេលាម៉ោង០១រសៀល គឺនៅ១២ម៉ោង​​​ក្រោយត្រូវ​ឪពុកបោះបង់ចោល។ ក្រុមសង្រ្គោះបានប្រាប់បណ្តាញសារព័ត៌មានចិនក្នុងស្រុកថា ​មែកឈើបានជួយទប់ស្កាត់ការធ្លាក់ ហើយបាវនីឡុងក៏បានជួយការពារនាងតូចផងដែរ។

គួរជម្រាបថា លោក លី បានឲ្យដឹងថា គ្រួសាររបស់លោកទីទាល់ក្រខ្លាំង ហើយបន្ទាប់ពីមានកូនស្រីចំនួន០២នាក់ និងកូនប្រុស​ម្នាក់​ លោកសង្ឃឹមថានឹងបានកូនប្រុសម្នាក់ទៀត តែបែរជាបានកូនស្រី។ ក្រោយពេលកើតហេតុ ឪពុកចិត្តខ្មៅនេះ ត្រូវបានប៉ូលិសឃុំខ្លួន​៕