​(អ៊ីស្ដង់ប៊ូល)៖​ ប្រមុខរដ្ឋអាជ្ញា​តួកគី លោក អ៊ីហ្វេន ហ្វីដាន (Irfan Fidan) បាន​អះអាងជាថ្មី​ម្ដងទៀតថា អ្នកកាសែត​លោក ចាម៉ាល់ ខានហូកជី (Jamal Khashoggi) ត្រូវបានគេ​សម្លាប់ភ្លាមៗនៅពេលលោក​ឈានជើង ចូលស្ថានកុងស៊ុល​អារ៉ាប៊ីសាអីឌីត ក្នុងទីក្រុង​អ៊ីស្ដង់ប៊ូល ហើយថា សពរបស់​លោកត្រូវគេ​កាត់ និងបំផ្លាញជាកង់ៗ ក្រោមគំរោង​សម្លាប់រៀបចំ​ទុកជាមុន។

ការលើកឡើង​ខាងលើរបស់ លោក Irfan Fidan គឺជាការ​បញ្ជាក់ជាសារធាណៈលើកដំបូង​បំផុត និងតែប៉ុន្មាន​ម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រមុខរាជអាជ្ញា​អារ៉ាប៊ីសាអូឌីត ហ្សេក សូដ អាល់ ម៉ូចេប (Sheikh Saud al-Mojeb) បានចាកចេញពីទីក្រុង​អ៊ីស្ដង់ប៊ូល ដោយគ្មានចេញ​សេចក្ដីថ្លែង ការណ៍អ្វី​ទាំងអស់។ លោក Fidan បានលើក​ឡើងយ៉ាងដូច្នេះថា «ក្រោមផែនការ​រៀបចំទុក​ជាមុន ជនរងគ្រោះ លោក Khashoggi ត្រូវបានគេសម្លាប់ភា្លមៗ​ នៅពេលដើរចូល​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុង​អ៊ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ ដើម្បីទទួលយកឯកសារ​រៀបអាពាហ៍ពិពាហ៍របស់ លោក​ជាមួយគូដណ្ដឹង​ជាជនជាតិតួកគី»។ លោកបន្ថែមថា សាកសពរបស់​ជនរងគ្រោះ​ត្រូវគេកាត់ និងបំផ្លាញជា​បំណែកៗ។

ដោយឡែកជុំវិញ​សំណុំរឿងដ៏រសើប​នេះដែរ អារ៉ាប៊ីសាអូឌីត​បានបញ្ជូនប្រមុខ​រាជអាជ្ញា Sheikh Saud al-Mojeb មកកាន់​ទីក្រុងអ៊ីស្ដង់ប៊ូល កាលពីថ្ងៃអាទិត្យ​សប្ដាហ៍នេះ ដើម្បីពិភាក្សា​ការងារជាមួយ​លោក Irfan Fidan។ ក៏ប៉ុន្តែ​លោក al-Mojeb បានចាកចេញពីតួកគី​ កាលពីរសៀល​ថ្ងៃពុធ ដោយមិនបាន​ចេញសេចក្ដីថ្លែងការណ៍​អ្វីទាំងអស់ ខណៈអាជ្ញាធរ​តួកគី​ធ្លាប់បង្ហាញ ពីការព្រួយបារម្ភ​លើឆន្ទៈពិតប្រាកដ​របស់ទីក្រុងរីយ៉ាដ ក្នុងការ​ស៊ើបអង្កេត។

* តើនរណាជាអ្នកបញ្ជាឱ្យសម្លាប់លោក Khashoggi?

កាលពីដំបូងឡើយ ​អារ៉ាប៊ីសាអូឌីត​ធ្លាប់បានអះអាងថា លោក Khashoggi បានចាកចេញ​ពី​ស្ថានកុងស៊ុលដោយ​សុវត្ថិភាព។ ក៏ប៉ុន្តែក្រោយ​មកទៀតអាជ្ញាធរតួកគី អះអាងជា​បន្តបន្ទាប់ថា មានភស្ដុតាងបញ្ជាក់ថា​អ្នកកាសែត Washington Post រូបនេះ​ត្រូវបាន​ទីភ្នាក់ងារអារ៉ាប៊ីសាអូឌីត​សម្លាប់ ទើបទីក្រុងរីយ៉ាដ​ស្រាប់តែទទួលស្គាល់​ថា លោក Khashoggi ពិតជាបានស្លាប់​ប្រាកដមែន ជាមួយ​ការឃាត់ខ្លួនជនសង្ស័យ ១៨នាក់​ទៀតផង។

តែទោះជា​យ៉ាងនេះក្ដី ទីប្រឹក្សាជាន់ខ្ពស់របស់​ប្រធានាធិបតី​តួកគី គឺលោក អូមែ សេលីក (Omer Celik) បានបញ្ជាក់នៅថ្ងៃពុធ​សប្ដាហ៍នេះថា អំពើឃាតកម្ម​លើលោក Khashoggi មិនអាចធ្វើ​ទៅរួចឡើយ បើគ្មានបញ្ជា​ពីក្រុមមន្ត្រីកំពូលៗ​នៅក្នុងទីក្រុង​រីយ៉ាដ។ «នរណា​ជាអ្នកបញ្ជា​នៅពីក្រោយ? នេះគឺជាការចោទ​សួររបស់ លោក Celik អំឡុងពេលធ្វើ​សន្និសីទ​សារព័ត៌មាន ដោយបន្ថែម​ទៀតថា លោកជឿជាក់ថា វាមិនអាចទៅរួចឡើយ​ ដែលអាជ្ញាធរ​អារ៉ាប៊ីសាអូឌីតឆ្លើយថា មិនដឹងទីតាំងនៃសាកសពជនរងគ្រោះនៅទីណា។»

លើសពីនេះទៅ​ទៀត លោក អាប់ឌុលកាដឺ សែលវី (Abdulkadir Selvi) ជានិពន្ធនាយក​សារព័ត៌មាន ហឺរីយេត (Hurriyet)​ ដែលស្និទ្ធនឹងរដ្ឋាភិបាល​តួកគី ក៏បាន កត់សម្គាល់​ដោយចំៗដែរថា ព្រះរាជអាជ្ញា​អារ៉ាប៊ីសាអូឌីត​កំពុង ព្យាយាមជួយព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ិនសាល់ម៉ាន់ តាមរយៈការបិទបាំង​ការស៊ើបអង្កេត ជាជាងគាស់​កកាយរឿងពិតចេញ​មកក្រៅ។

* រំលោភលើ​ច្បាប់​អន្តរជាតិ

អំពើឃាតកម្ម​លើលោក Khashoggi បានធ្វើឱ្យទំនាក់ទំនង​រវាងអារ៉ាប៊ីសាអូឌីត និងបណ្ដាប្រទេស​លោកខាងលិចជាច្រើន ប្រែជាល្អក់កករ ហើយសូម្បីតែ​សហរដ្ឋអាមេរិក ក៏មានអារម្មណ៍​ទើសទាល់មិនដឹងថា​ ត្រូវដោះស្រាយ​យ៉ាងណា​ទើបកុំឱ្យ​ប៉ះពាល់ ដល់ទំនាក់ទំនង​យុទ្ធសាស្ត្រ​ជាមួយទីក្រុង​រីយ៉ាដ ដែលជាម៉ូយដុំ​ទិញអាវុធដ៏ធំរបស់​សហរដ្ឋអាមេរិក។

ជាក់ស្ដែ​ងបើទោះជាបាន អះអាងថា ការសម្លាប់លោក Khashoggi គឺជាទង្វើ​រំលោភ​លើបទដ្ឋាន និងច្បាប់អន្តរជាតិ​ក៏ដោយ ក៏រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ មិនបាននិយាយ​ចំឈ្មោះ​អារ៉ាប៊ីសាអូឌីតឡើយ តែបែរជាយក​សំណុំរឿងសង្រ្គាម​យ៉េមែន មកធ្វើជា​ប្រធាន​បទមួយ ដើម្បីដាក់សម្ពាធឱ្យ​ទីក្រុងរីយ៉ាដ បញ្ឈប់ការ​វាយប្រហារ​ទម្លាក់គ្រាប់បែក លើទីប្រជុំជនក្នុងប្រទេស​យ៉េមែន​ទៅវិញ។

គួរបញ្ជាក់ថា មកទល់នឹង​ពេលនេះ គេមិនទាន់ឃើញបណ្ដា​ប្រទេសលោក​ខាងលិច ចាត់វិធានការណា​មួយ ប្រឆាំងនឹងអារ៉ាប៊ីសាអូឌីតនោះទេ ខណៈបារាំង អាល្លឺម៉ង់ អង់គ្លេស រួមទាំង​សហរដ្ឋអាមេរិក សុទ្ធតែព្រមាន​ដូចគ្នាថា នឹងដាក់ទណ្ឌកម្ម​លើមហាសេដ្ឋី​ប្រេង និងម៉ូយទិញ​អាវុធរបស់ពួកគេ​មួយនេះ បើសិនជា​អារ៉ាប៊ីសាអូឌីត មាន​ជាប់ពាក់ព័ន្ធនឹងការ​សម្លាប់លោក Khashoggi មែននោះ។

ចំណែកឯ​ព្រះអង្គម្ចាស់​រាជទាយាទ មហាំម៉ាត់ ប៊ិនសាល់ម៉ាន ដែលត្រូវ​បានសមាជិកសភា​អាមេរិកខ្លះ​ចោទថា ជាសម្លាប់លោក Khashoggi ដែលជា​អ្នករិះគន់ឥតសម្ចៃ​មាត់​លើការដឹកនាំ​របស់ព្រះអង្គ បានច្រានចោល​រាល់ការចោទ​ប្រកាន់ ស្របពេល​មន្ត្រី​អារ៉ាប៊ីសាអូឌីត​ព្រមានថា នឹងចាត់វិធានការសងសឹក​នឹងការដាក់ទណ្ឌកម្ម​ទាំងឡាយ៕

​ប្រភព៖ AFP (​ថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨)