(ហ្សាការតា)៖ គណៈកម្មាធិការជាតិសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូណេស៊ី (KNKT) បានជួបពិភាក្សាការងារក្នុងកិច្ចប្រជុំបិទទ្វារ ជាមួយអ្នកតំណាងមកពីក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing និងក្រុមមន្ត្រីអាមេរិកមកពី គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក (NTSB) ពាក់ព័ន្ធសោកនាដកម្មធ្លាក់យន្ដហោះ Boeing 737 Max 8 របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air។ នេះបើតាមលោក ស៊ឺចាន់តូ ធីចាចូណូ (Soerjanto Tjahjono) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ ប្រធាន KNKT លោក Soerjanto Tjahjono បាននិយាយថា ក្រុមមន្ត្រីមកពី Boeing និង NTSB បានប្ដេជ្ញាចិត្តផ្ដល់ជំនួយ និងគាំទ្រដល់អាជ្ញាធរឥណ្ឌូណេស៊ី ក្នុងការស៊ើបអង្កេតលើករណីធ្លាក់យន្ដហោះ Boeing 737 Max 8។ លោក Tjahjono បន្ថែមថា ក្រុមមន្ត្រីសរុបទាំងអស់ ១៦នាក់ មកពី Boeing និង NTSB បានជួបពិភាក្សាការងារនៅក្នុងការិយាល័យរបស់លោក នៅថ្ងៃព្រហស្បតិ៍នេះតែម្ដង។
គួរជម្រាបថា អាជ្ញាធរឥណ្ឌូណេស៉ីនាថ្ងៃព្រហស្បតិ៍នេះបានរកឃើញ និងស្រង់យកប្រអប់ខ្មៅមួយ ក្នុងចំណោមប្រអប់ខ្មៅទាំងពីរ (Flight Data Recorder និង Cockpit Voice Recorder) របស់យន្តហោះអាកាសចរណ៍ក្នុងស្រុក Lion Air ដែលបានធ្លាក់ចូលក្នុងសមុទ្រ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះជាមួយមនុស្ស ១៨៩នាក់ នោះហើយ។
ប្រតិបត្តិការរុករកបានឈាន ចូលដល់ថ្ងៃទី ៤ ប្រអប់ខ្មៅខាងលើត្រូវបានរកឃើញ និងស្រង់ចេញពីផ្ទៃសមុទ្រនាវេលាម៉ោង ១០៖១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅតំបន់ដែលយន្តហោះធ្លាក់ ប៉ុន្តែមិនមានការបញ្ជាក់នៅឡើយទេថា ជាប្រអប់ខ្មៅផ្ទុកទិន្នន័យហោះហើរ ដែលគេហៅថា Flight Data Recorder ឬក៏ប្រអប់ខ្មៅផ្ទុកសំឡេង ដែលគេហៅថា Cockpit Voice Recorder ។
យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air មានផ្ទុកមនុស្ស ១៨៩នាក់ ក្នុងនោះរួមមានមនុស្សធំ ១៧៨នាក់, កុមារម្នាក់, ទារក០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត បានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅអំឡុងពេលហោះហើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ផាងកាល ភីណាង (Pangkal Pinang) កោះបាងកា (Bangka) របស់ឥណ្ឌូណេស៊ី៕