(ដាម៉ាស់)៖ សាកសពជាង១,៥០០នាក់ ​ត្រូវបានរកឃើញ នៅក្នុងកន្លែងកប់សពធំថ្មីមួយទៀតនៅខេត្ត Raqqa ភាគ​ខាង​ជើង​ស៉ីរី ដែលធ្លាប់ជាមូលដ្ឋានស្នូលរបស់ក្រុមភេរវករ ISIS។ នេះបើតាម​សេចក្តី​រាយ​ការណ៍​​របស់​កាសែត​គាំទ្រ​​រដ្ឋា​ភិបាល​​ស៉ីរី al-Watan ដកស្រង់ការផ្សាយដោយទីភ្នាក់ងារព័ត៌​មានចិន ស៉ីនហួរ នៅថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។

ដោយយោងលើប្រភពព័ត៌មានពីផ្នែកសុខាភិបាល កាសែត al-Watan បានឲ្យដឹងថាសាកសពទាំងនោះសុទ្ធតែជាជនស៉ីវិលស្លូត​ត្រង់ ដែលបានបាត់បង់អាយុជីវិត ក្នុងការ​វាយប្រហារតាមផ្លូវអាកាស របស់​ក្រុមយោធាចម្រុះអន្តរជាតិ ដែលដឹកនាំដោយ​អាមេរិក ទៅលើទីក្រុង Raqqa ខណៈគិតមកទល់ពេលនេះសាកសពប្រជាជនស៊ីវិល​ប្រហែល៤​,០០០នាក់ហើយ ត្រូវបានរកឃើញនៅតាម​កន្លែងកប់សាកសពធំៗនៅ Raqqa។

គួរជម្រាបថា យោធាចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក បានជួយគាំទ្រក្រុមសកម្មប្រយុទ្ធប្រជាធិបតេយ្យស៉ីរី (SDF) ដែល​ភាគច្រើនជាពួកឃើដ ក្នុងការដណ្តើមកាន់កាប់ទីក្រុង Raqqa យកមកវិញកាលពីឆ្នាំ២០១៧៕