(វ៉ាស៊ីនតោន)៖ បុគ្គលិករដ្ឋាភិបាលអាមេរិកម្នាក់ ដែលញៀនមើលរឿងអាសអាភាសរុស្ស៊ី បានធ្វើឱ្យទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) ឈឺក្បាលយ៉ាងខ្លាំង បន្ទាប់ពីបានចម្លងវីរុសចូលក្នុងប្រព័ន្ធកុំព្យូទ័រ ដោយសារតែចូលមើលគេហទំព័រអាសអាភាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។
ការិយាល័យអធិការកិច្ចរបស់ USGS បានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃទី១៧ ខែតុលា ជុំវិញករណីខាងលើ។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា បុគ្គលិកម្នាក់បានចូលមើលគេហទំព័រអាសអាភាសរុស្ស៊ី ដោយប្រើប្រាស់កុំព្យូទ័រផ្ដល់ដោយរដ្ឋាភិបាលអាមេរិក ទើបធ្វើឱ្យវីរុសឆ្លងចូលបណ្ដាញប្រព័ន្ធកុំព្យូទ័រ។ បុគ្គលិកម្នាក់នេះមិនត្រូវបានគេបញ្ជាក់ឈ្មោះ បានចូលមើល គេហទំព័រអាកាសអាភាសរាប់ពាន់ ហើយគេហទំព័រមួយចំនួនធំក្នុងចំណោមគេហទំព័រជាង ៩,០០០ គឺមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី និងសុទ្ធតែមានផ្ទុកវីរុស។
គួរជម្រាបថា USGS គឺជាទីភ្នាក់ងារតាមដានភូមិសាស្ត្រមួយ ស្ថិតនៅក្រោមក្រសួងមហាផ្ទៃអាមេរិក Department of Interior (DOI)។ ក្រោយពីផ្ទុះរឿងនេះឡើយ ទីភ្នាក់ងារមួយនេះបាន ហាមឃាត់បុគ្គលិករបស់ខ្លួនទាំងអស់ ចូលមើលគេហទំព័រអាសអាភាសលើកុំព្យូទ័ររដ្ឋាភិបាល ព្រមទាំងដាក់បម្រាមផងដែរមិនឱ្យ បុគ្គលិកប្រើប្រាស់ឧបរណ៍អេឡិចត្រូនិចផ្ទាល់ខ្លួន ភ្ជាប់ជាមួយនឹងកុំព្យូទ័រ ឬបណ្ដាញណាមួយរបស់រដ្ឋាភិបាលជាដាច់ខាត៕