(រ៉ូម)៖ អាជ្ញាធរអ៊ីតាលីបានឱ្យដឹងនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់ ១១នាក់ បានស្លាប់នៅឯតំបន់ភាគខាងជើង និងភាគខាងលិចដោយសារតែខ្យល់ព្យុះ និងគ្រោះទឹកជំនន់ ដែលកំពុងជន់លិចប្រទេសអ៊ីតាលី ដោយបង្ខំឱ្យសាលារៀន និងតំបន់ ទេសចរណ៍នៅក្នុងតំបន់ជាច្រើន ត្រូវបិទទ្វារជាបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។
ខ្យល់ព្យុះ ថូណាដូ (tornadoes) ចំនួនពីរបក់បោកក្នុងល្បឿន ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ទៅលើតំបន់ភាគខាងជើង និងភាគខាងលិចតាំងតែពីថ្ងៃចន្ទមកម្ល៉េះ ដោយនាំមកជាមួយភ្លៀងធ្លាក់យ៉ាងខ្លាំង និងបង្កជាគ្រោះទឹកជំនន់នៅតំបន់មួយចំនួន ជាពិសេសគឺទីក្រុង វែនីស (Venice) តែម្ដង។ ព្រែកនៅក្នុងទីក្រុងមួយនេះ បានហក់ឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន ខណៈ៧៥ភាគរយ នៃទីក្រុង Venice ទាំងមូលកំពុងជន់លិច។
គួរបញ្ជាក់ថា មកទល់នឹងថ្ងៃពុធនេះ អាជ្ញាធរឧតុនិយមអ៊ីតាលី បានព្រមានថា អាកាសធាតុអាក្រក់អាចនឹងមានរយៈពេលប៉ុន្មានថ្ងៃទៀត ខណៈការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតាមតំបន់មួយចំនួនក៏មានភាពរអាក់រអួលផងដែរ៕