(ក្រុងឡុងដ៍)៖ ឧទ្ធម្ភាគចក្រ (Helicopter) របស់លោក Vichai ម្ចាស់ក្លឹបបាល់ទាត់អាជីព Leicester City បានធ្លាក់ភ្លាមៗនៅក្រៅកីឡដ្ឋាន King Power បន្ទាប់ពីហោះឡើងក្នុងរយៈពេលខ្លីពីចំណុចកណ្តាលកីឡដ្ឋាននារាត្រីថ្ងៃសៅរ៍សប្តាហ៍មុន ដោយបានសម្លាប់មនុស្ស ៥នាក់ រួមទាំងលោក Vichai Srivaddhanaprabha ដែលជាមហាសេដ្ឋីថៃផងដែរ។
លោក Vichai និងបុគ្គលិករបស់គាត់តែងតែធ្វើដំណើរដោយឧទ្ធម្ភាគចក្រនេះ ក្រោយចប់ការទស្សនាចេញពីកីឡដ្ឋាន King Power ដែលស្ថិតនៅភាគខាងកើតនៃប្រទេសអង់គ្លេស។
សូមបញ្ជាក់ផងដែរថា មហាសេដ្ឋីដែលឈរនៅចំណាត់ថ្នាក់លេខ៥ នៅប្រទេសថៃ បានទិញយកក្លឹប Leicester City កាលពីឆ្នាំ២០១០ មុនពេលក្លឹបដែលមានមូលដ្ឋានស្ថិតនៅទីក្រុង Leicester ភាគខាងកើតប្រទេសអង់គ្លេសមួយនេះ ឡើងមកលេងក្នុងក្របខណ្ឌកំពូលអង់គ្លេស និងឈ្នះជើងឯក Premier League នាឆ្នាំ២០១៦៕