(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាថ្ងៃពុធនេះ បានដាក់សម្ពាធ​រូប​សំណាកខ្ពស់ជាងគេ​បំផុតលើលោក នៅឯរដ្ឋ​ហ្គូចារ៉ាត (Gujarat) ស្ថិតនៅភាគ​ខាង​លិច​ប្រទេស។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៉ីនហួរ នៅរសៀល​ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។

រូបសំណាកកម្ពស់ ១៨២ម៉ែត្រនេះ ត្រូវបានសាង​សង់ឡើង ដើម្បីឧទ្ទិស​ដល់​​លោក សាដា វ៉លឡាបបៃ ផាធែល (Sardar Vallabhbhai Patel) ​ដែលជា​រដ្ឋ​មន្រ្តី​​កិច្ចការ​ផ្ទៃក្នុង​និងជាឧបនាយករដ្ឋ​មន្រ្តីដំបូងបំផុត​នៃប្រទេស​ឥណ្ឌា ក្រោយការទទួល​បានឯករាជ្យ​ពីអង់គ្លេស​កាល​ពីឆ្នាំ១៩៤៧។

លោក Sardar Patel បានដើរតួនាទី​យ៉ាងសំខាន់ ក្នុងការតស៊ូស្វែង​រកសេរីរបស់ប្រទេស​ឥណ្ឌា និងជាថ្នាក់ដឹកនាំ​ប្រកបដោយ​ប្រជាប្រិយ​ភាព​ម្នាក់ ដែលមានការ​យកចិត្តទុកដាក់ខ្លាំង​ ទៅលើសុខុមាលភាពប្រជា​កសិករ​ឥណ្ឌា។ រូបសំណាក​ដ៏ធំមហិមា​នេះ មាន​តម្លៃសាង​សង់សរុបរហូត​ដល់​ជាង ៤០០លានដុល្លារ​សហរដ្ឋអាមេរិក។

គួរជម្រាបថា សម្រាប់ថ្ងៃបើកសម្ពោធ​​រូបសំណាក​តំណាងឲ្យការរួបរួមជាតិនេះ ក៏ត្រូវជា​ខួបកំណើតទី ១៤៣ឆ្នាំ របស់​​លោក Patel ផងដែរ។ រូបសំណាក​ដ៏ខ្ពស់នេះ ត្រូវ​គេអះអាងថា អាចធន់នឹង​​កម្លាំងខ្យល់មានល្បឿន​រហូតដល់ ៦០ម៉ែត្រ​ក្នុងមួយវិនាទីបាន និង​​អាចទប់ទល់​ជាមួយគ្រោះរញ្ជួយដី​ និងរំញ័រផ្សេងៗ​ផងដែរ។ សម្រាប់សាធារណជន នឹងអាចចូលទស្សន​រូបសំណាកនេះ​ បានចាប់ពី​ថ្ងៃ​ទី០៣ ខែវិច្ឆិកា តទៅ។

មុនពេលមានរូប​សំណាកលោក Sardar Vallabhbhai Patel គឺរូបសំណាក​ព្រះពុទ្ធ Spring Temple Buddha របស់ចិនទៅវិញទេ ដែល​មាន​កម្ពស់ខ្ពស់គេបំផុត​លើលោក គឺ ១២៨ម៉ែត្រ។ រូបសំណាក​របស់​លោក Patel មានកម្ពស់ស្ទើរតែ​ស្មើនឹងកម្ពស់រូបសំណាកស្រ្តី​​តំណាង​សេរីភាព (Statue of Liberty) (៩៣ម៉ែត្រ) នៅទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក​ដល់ទៅ​ពីរដង៕