(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្កានីស្ថាន បានអះអាងថា គ្មានមនុស្សណាម្នាក់នៅមានជីវិតនោះឡើយ ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រយោធាផ្ទុកមនុស្ស ២០នាក់ នៅឯស្រុក អាណាដារ៉ា (Anar Dara) នៃខេត្ត ហ្វារ៉ាហ៍ (Farah) ប្រទេសអាហ្វហ្កានីស្ថាននៅថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរអាហ្វហ្កានីស្ថាន សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីយោធាជាច្រើននាក់ គឺស្ថិតនៅក្នុងអ្នកដែលជិះនោះ លើឧទ្ធម្ភាគចក្រយោធាខាងលើ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក មានឧទ្ធម្ភាគចក្រពីរគ្រឿងបានធ្វើដំណើរ ហោះហើរអមជាមួយគ្នា តែមានមួយគ្រឿងបានធ្លាក់ដោយមិនទាន់ដឹងពីមូលហេតុ។
គួររំលឹកថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានធ្លាក់នៅឯខេត្ត Farah ភាគខាងលិចប្រទេសអាហ្វហ្កានីស្ថាន ដោយផ្ដាច់ជីវិតមនុស្ស ០៥នាក់ ហើយកាលពីដើមខែកញ្ញា ឧទ្ធម្ភាគចក្រ Moldovan MI-8 ក៏បានធ្លាក់នៅក្នុងខេត្ត បាល់ (Balkh) ភាគខាងជើងប្រទេសអាហ្វហ្កានីស្ថានផងដែរ ដោយបង្កឱ្យពីឡុត ០២នាក់ និងអ្នករួមដំណើរ ១០នាក់ស្លាប់៕