(ហ្សាការតា)៖ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ី ត្រូវគេរាយការណ៍នាថ្ងៃពុធនេះថា បានសម្រេចដកហូតតំណែង នាយកផ្នែកបច្ចេកទេសនៃក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lion Air ក្រោយកើតមានករណីគ្រោះថ្នាក់ធ្លាក់យន្តហោះធុន Boeing មួយគ្រឿងរបស់អាកាសចរណ៍នេះ ដែលមានផ្ទុកមនុស្សដល់ទៅ ១៨៩នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។
រដ្ឋមន្រ្តីដឹកជញ្ជូននៃប្រទេសឥណ្ឌូណេស៉ី លោក ប៊ូឌី ការិយា (Budi Karya) បានធ្វើសេចក្តីប្រកាសយ៉ាងដូច្នេះថា «នាថ្ងៃនេះយើងសម្រេចដកហូតមុខតំណែងនាយកក៏ដូចជានាយករងផ្នែកបច្ចេកទេស នៃក្រុមហ៊ុនអាកាសចរណ៍ Lion Air ព្រមទាំងអ្នកបច្ចេកទេសមួយចំនួន ដោយយោងលើសោកនាដកម្មដ៏អាក្រក់ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ»។
គួរជម្រាបថា វាមិនច្បាស់នោះទេថា តើការដកហូតមុខតំណែងនេះ ជារឿងអចិន្រ្តៃយ៍ ឬបណ្តោះអាសន្ន ខណៈអគ្គនាយករបស់ Lion Air បានបញ្ជាក់ថា លោកមិនបានដឹងពីការបង្គាប់របស់លោករដ្ឋមន្រ្តីដឹកជញ្ជូននោះឡើយ៕