(វ៉ាស៊ីនតោន)៖ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្រមានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ Intermediate-Range Nuclear Forces Treaty (INF) ជាមួយរុស្ស៊ី អតីតមន្ត្រីជាន់ខ្ពស់អាមេរិក និងអ្នកជំនាញ បានព្រមានជាបន្តបន្ទាប់ថា សង្រ្គាមអាចនឹងផ្ទុះឡើង។ តើសង្រ្គាមលោកលើកទី ៣ អាចនឹងផ្ទុះឡើងដែរ ឬទេ?
* តើសង្រ្គាមរវាងសហរដ្ឋអាមេរិក និងចិន អាចនឹងផ្ទុះឡើងនៅរយៈពេលពី ១០ ទៅ ១៥ឆ្នាំខាងមុខ?
ការព្រមានបែបនេះធ្វើឡើងដោយអតីតមេបញ្ជាការអាមេរិក ប្រចាំតំបន់អឺរ៉ុប លោក ប៊ិន ហូដស៍ (Ben Hodges) នាឱកាសដែលបានចូលរួមក្នុងវេទិកាសន្តិសុខ ក្នុងទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ កាលពីសប្ដាហ៍មុន។ លោក Hodges បានជម្រុញឱ្យបណ្ដាប្រទេសអឺរ៉ុបទាំងអស់ ពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដោយសារតែសហរដ្ឋអាមេរិកមិនអាចការពារពួកគេ ខណៈកំពុងប្រឈមមុខជាមួយចិន និងរុស្ស៊ីផងក្នុងពេលតែមួយបានឡើយ។
«សហរដ្ឋអាមេរិកត្រូវការសម្ព័ន្ធមិត្តអឺរ៉ុបដែលរឹងមំា... ហើយខ្ញុំគិតថា នៅរយៈពេល ១៥ឆ្នាំ
ខាងមុខ សង្រ្គាមជាមួយចិនអាចនឹងផ្ទុះឡើងដោយជៀសមិនរួចក៏ថាបាន»។ នេះគឺជាការលើកឡើងរបស់លោក Ben Hodges។
* តើចិនកំពុងត្រៀមខ្លួនសម្រាប់សង្រ្គាម?
ខណៈកំពុងមានភាពតានតឹងនៅក្នុងតំបន់ជាមួយសហរដ្ឋអាមេរិក ជាពិសេសនៅតំបន់សមុទ្រចិនខាងត្បូង ប្រធានាធិបតីចិនលោក ស៊ី ជិនពីង កាលពីសប្ដាហ៍មុន បានប្រាប់យោធាចិនទាំងអស់ឱ្យត្រៀមខ្លួនសម្រាប់សង្រ្គាម។ លោក ស៊ី បានគូសបញ្ជាក់ប្រាប់យោធា ទទួលបន្ទុករក្សាស្ថេរភាព នៅតំបន់សមុទ្រចិនខាងត្បូងដូច្នេះថា «យើងត្រូវតែពង្រឹង និងបង្កើនសមយុទ្ធបែបប្រយុទ្ធ សមយុទ្ធរួមគ្នា និងសមយុទ្ធប្រឈមមុខដាក់គ្នា ដើម្បីពង្រឹងសមត្ថភាពយោធារបស់យើង និងត្រៀមខ្លួនសម្រាប់សង្រ្គាម»។
* តើរុស្ស៊ីក៏កំពុងត្រៀមខ្លួនសម្រាប់សង្រ្គាមដែរឬ?
នាយកនៃនាយកដ្ឋានមិនរីកសាយអាវុធ និងគ្រប់គ្រងអាវុធនៃក្រសួងបរទេសរុស្ស៊ី លោក អាន់ដ្រៃ បេលួសូវ (Andrey Belousov) បានអះអាងថា ទីក្រុងម៉ូស្គូកំពុងត្រៀមខ្លួនសម្រាប់សង្រ្គាម ហើយការលើកឡើងបែបនេះ ជាការឆ្លើយតបទៅនឹងការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោន ដែលថា រុស្ស៊ីកំពុងត្រៀមខ្លួនសម្រាប់សង្រ្គាម។ «នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានសន្មត់ថា រុស្ស៊ីកំពុងត្រៀមខ្លួនសម្រាប់សង្រ្គាម... ពិតណាស់ យើងពិតជាកំពុងត្រៀមខ្លួនសម្រាប់សង្រ្គាម ហើយនេះជាអ្វីដែលខ្ញុចង់និយាយ»។ នេះបើតាម លោក Belousov។
* តើតួកគី និងក្រិក ព្រមានអំពីសង្រ្គាមដាក់គ្នាទៅវិញទៅមក?
លោក យីជីត ប៊ូឡុត (Yigit Bulut) ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីតួកគីលោក អឺដូហា្កន់ បានកត់សម្គាលថា តួកគីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ក្រិក ហើយក្រិកអាចនឹងរងគ្រោះធ្ងន់ធ្ងរត្រឹមរយៈពេលតែបី ឬបួនម៉ោងប៉ុណ្ណោះ បើហ៊ានធ្វើសង្រ្គាមប្រឆាំងនឹងតួកគី។
លោក Bulut បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រិកអាចនឹងត្រូវប្រឈមមុខនឹងគ្រោះមហន្តរាយ ត្រឹមតែរយៈពេលបីទៅបួនម៉ោង បើសិនហ៊ានធ្វើសង្រ្គាមប្រឆាំងនឹងតួកគី»។ ការលើកឡើងបែបនេះរបស់លោក Bulut ធ្វើឡើង បន្ទាប់ពីឧប្បដិហេតុមួយផ្ទុះឡើងរវាងនាវាចម្បាំងក្រិក និងនាវាស្រាវជ្រាវ និងរុករករបស់តួកគីនាពេលថ្មីៗនេះ៕
ប្រភព៖ Russian Today ឬ RT (ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨)