(សាន់ហ្វា្រន់ស៊ីស្កូ)៖ ប្រធានក្រុមហ៊ុន Google X ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Google បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ បន្ទាប់ពីសារព័ត៌មាន New York Times កាលពីសប្ដាហ៍មុនបានចេញផ្សាយថា នាយករូបនេះបានរំលោភបំពានផ្លូវភេទលើអ្នកស្ត្រីម្នាក់ ដែលបានសុំដាក់ពាក្យចូលធ្វើឱ្យក្រុមហ៊ុនមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។
សារព័ត៌មាន CNN ផ្អែកលើប្រភពដែលខ្លួនទទួលបានឱ្យដឹងថា ប្រធានក្រុមហ៊ុន Google X លោក រីឆាដ ដេវ៉ល (Richard DeVaul) បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ ដោយមិនទាមទារប្រាក់អតីតភាពឡើយ។ ក៏ប៉ុន្តែលោក DeVaul មិនទាន់ធ្វើ អត្ថាធិប្បាយណាមួយនៅឡើយទេ។
គួរបញ្ជាក់ថា Google X គឺជាក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍន៍ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google កាលពីឆ្នាំ២០១០ ហើយមុនចូលបម្រើការងារឱ្យក្រុមហ៊ុន Google លោកធ្លាប់ធ្វើបុគ្គលិកផ្នែកវិទ្យាសាស្ត្រជាន់ខ្ពស់ នៅក្រុមហ៊ុន Apple៕