(ន័រវែស)៖ អង្គការណាតូ (NATO) បានឲ្យដឹងថា ក្រុមប្រទេសជា សម្ព័ន្ធមិត្តមួយនេះ នឹងពុំផ្លាស់ប្តូរផែនការ សម្រាប់សមយុទ្ធយោធាខ្នាតធំបំផុតរបស់ខ្លួន ដែលបាននិងកំពុងប្រព្រឹត្តទៅនៅឯប្រទេសន័រវែសឡើយ បន្ទាប់ពីរុស្ស៉ីបានប្រកាសថា នឹងធ្វើតេស្តមីស៉ីលនាដើមខែក្រោយ នៅលើដែនទឹកអន្តរជាតិដែលនៅក្បែរៗគ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។
អគ្គលេខាធិការអង្គការ NATO លោក ជែន ស្តូលថិនបឺក (Jens Stoltenberg) បាននិយាយថា NATO ទទួលបានការជូនដំណឹងកាលពីសប្តាហ៍មុនអំពីគម្រោងធ្វើតេស្តបាញ់មីស៉ីលរបស់រុស្ស៉ី នៅក្បែរប្រទេសន័រវែស ហើយលោករំពឹងថា រុស្ស៉ីនឹងប្រកាន់អាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ តែ NATO នឹងមិនកែប្រែគម្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់ខ្លួនឡើយ។ លោក Stoltenberg ក៏បានបញ្ជាក់ដែរថា នឹងតាមដានសកម្មភាពរបស់រុស្ស៉ីឲ្យកៀក។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ន័រវែស ប្រទេសរុស្ស៉ីនឹងធ្វើតេស្តមីស៉ីលនៅថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា នៅលើដែនទឹកអន្តរជាតិ។
គួរជម្រាបថា សមយុទ្ធខ្នាតធំឈ្មោះថា Trident Juncture 2018 ដែលមានការចូលរួមពីកងទ័ពប្រហែល ៥០,០០០នាក់ មកពីប្រទេសជាសមាជិកទាំង ២៩ របស់ NATO រួមជាមួយប្រទេសជាដៃគូដូចជាស៊ុយអែត និងហ្វាំងឡង់ ព្រមទាំងយន្តហោះប្រមាណ ២៥០គ្រឿង នាវា ៦៥គ្រឿង និងយានយន្តរហូតដល់ ១០,០០០គ្រឿង។
រុស្ស៉ីបានចាត់ទុកសមយុទ្ធយោធា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែតុលា និងបន្តរហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកានេះថា ជាការប្រឆាំងនឹងរុស្ស៉ីយ៉ាងច្បាស់ក្រឡែត និងនាំឲ្យមានអស្ថិរភាពផ្នែកយោធា ក៏ដូចជានយោបាយនៅក្នុងតំបន់៕