រដ្ឋមន្ត្រីការបរទេសអាមេរិក អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ការវាយប្រយុទ្ធគ្នា នៅក្នុងប្រទេសយ៉េមែន (Video inside)
31-10-2018 08:19
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់ ការវាយប្រយុទ្ធគ្នាទាំងឡាយនៅក្នុងប្រទេសយ៉េមែន ហើយថាការចរចាបញ្ចប់សង្រ្គាមស៊ីវិលដឹកនាំ ដោយអង្គការសហប្រជាជាតិ គួរតែត្រូវធ្វើឡើងនៅ ខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។
ការអំពាវនាវបែបនេះរបស់លោក ប៉ុមប៉េអូ ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ។ សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ទៀតថា ការវាយប្រហារដោយគ្រាប់មីស៊ីល ពីសំណាក់ក្រុមឧទ្ទាមហ៊ូទីគំាទ្រដោយអ៊ីរ៉ង់ ប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត ក៏ដូចជាអេមីរ៉ាតអារ៉ាប់រួម គួរតែត្រូវបញ្ឈប់ រីឯការវាយប្រហារតាមផ្លូវអាកាស របស់ក្រុមចំរុះអារ៉ាប់ដឹកនាំ ដោយទីក្រុងរីយ៉ាដ លើតំបន់ទីប្រជុំជនក្នុងប្រទេសយ៉េមែន ក៏គួរតែត្រូវបញ្ឈប់ដូចគ្នាដែរ។
គួរបញ្ជាក់ថា សង្រ្គាមស៊ីវិលនៅក្នុងប្រទេសយ៉េមែន បានផ្ទុះឡើងកាលពីខែមីនា ឆ្នាំ២០១៥ និងបានផ្ដាច់យកអាយុជីវិតមនុស្សរាប់ ពាន់នាក់ ខណៈប្រជាជនយ៉េមែនជាងពាក់កណ្ដាលនៃប្រជាជនសរុប កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន៕