(ប៊ែរឡាំង)៖ អតីតគិលានុបដ្ឋាកអាល្លឺម៉ង់ម្នាក់ លោក Niels Högel បានសារភាពថាបានសម្លាប់អ្នកជំងឺរបស់ខ្លួនរហូតដល់ទៅ ១០០នាក់ ហើយដែលការសារភាពនេះធ្វើឱ្យគាត់ក្លាយជាឃាតករដ៏អាក្រក់បំផុត មិនធ្លាប់មាននៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់តាំងពី សម័យសង្រ្គាមមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។

លោក Niels Högel មានអាយុ៤១ឆ្នាំ បានយល់ព្រមសារភាពពីទោសកំហុស នៅក្នុងសវនាការថ្ងៃដំបូងរបស់លោកនៅថ្ងៃអង្គារនេះ ហើយបើតាមក្រុមអ្នកស៊ើបអង្កេត អតីតគិលានុបដ្ឋាករូបនេះបានចាក់ថ្នំាលើសកម្រិតលើអ្នកជំងឺនៅក្នុងមន្ទីរពេទ្យចំនួនពីរ ស្ថិតនៅ ភាគខាងជើងប្រទេសអាល្លឺម៉ង់។ ចំណែកឯ ក្រុមរដ្ឋអាជ្ញាបានឱ្យដឹងទៀតថា អ្វីដែលជម្រុញឱ្យលោក Högel ធ្វើដូច្នេះគឺដើម្បី ទាក់ទាញចំណាប់អារម្មណ៍ពីមិត្តរួមការងារតាមរយៈការជួយសង្រ្គោះអ្នកជំងឺ ដែលលោកបានវាយប្រហារ។

គួរបញ្ជាក់ថា បើតាមក្រុមរដ្ឋអាជ្ញាអាល្លឺម៉ង់ លោក Niels Högel បានសម្លាប់អ្នកជំងឺ៣៦នាក់ នៅមន្ទីរពេទ្យក្នុងទីក្រុង Oldenburg និង៦៤នាក់ នៅមន្ទីរពេទ្យមួយក្បែរទីក្រុង Delmenhorst នៅចន្លោះពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៥។ លើសពីនេះទៅទៀត បុរសរូបនេះក៏ធ្លាប់ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិតផងដែរ ក្នុងសំណុំរឿងឃាតកម្មមនុស្ស៦នាក់ ខណៈសវនាការបច្ចុប្បន្នទំនងជាអាចនឹងបន្តរហូតដល់ខែឧសភា ឆ្នាំ២០១៩៕

;