(ហ្សាការតា)៖ រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូណេស៊ី លោក Budi Karya នៅថ្ងៃអង្គារនេះ បានចេញបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ នៅក្នុងស្រុកចំនួនពីរគឺក្រុមហ៊ុន Lion Air និងក្រុមហ៊ុន Garuda ត្រួតពិនិត្យរាល់យន្ដហោះ Boeing 737 Max របស់ពួកគេ ខណៈ អាជ្ញាធរកំពុងបន្តស៊ើបអង្កេត និងតាមរកសាកសព ឬអ្នកអាចរស់រាន្តមានជីវិតក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះរបស់ក្រុមហ៊ុន Lion Air ជាមួយមនុស្សសរុប១៨៩នាក់ ដែលត្រូវបានគេសន្និដ្ឋានថាអាចនឹងស្លាប់ទាំងអស់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Straitstimes នៅថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Budi Karya បានគូសបញ្ជាក់ដូច្នេះថា៖«យើងបានផ្ញើសំបុត្រមួយទៅកាន់ក្រុមហ៊ុន Lion Air និង Garuda កាលពីថ្ងៃចន្ទ ឱ្យពួកគេត្រួតពិនិត្យឡើងវិញរាល់យន្ដហោះ Boeing 737 Max ទាំងអស់របស់ខ្លួន ហើយលទ្ធផលយ៉ាង ណានឹងត្រូវបញ្ជូនទៅកាន់គណៈកម្មាធិការជាតិសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូណេស៊ី ដើម្បីជួយសម្រួលដល់ការស៊ើបអង្កេត»។ លោក Budi ក្រុមហ៊ុន Lion Air មានយន្ដហោះ Boeing 737 Max ៨គ្រឿង រីឯ ក្រុមហ៊ុន Garuda មានមួយគ្រឿង។
គួរបញ្ជាក់ថា យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air ត្រូវបានគេរាយការណ៍ថាបានធ្លាក់នៅក្នុងដែនសមុទ្រនៃកោះ ការ៉ាវ៉ាង (Karawang) ស្ថិតនៅលើខេត្តជ្វា ក្រោយហោះឡើងបាន ១៣នាទី ចេញពីទីក្រុងហ្សាការតា ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុង Pangkal Pinang លើកោះ Bangka នៃប្រជុំកោះស៊ូម៉ាត្រា។
យន្ដហោះនេះមានផ្ទុកមនុស្សសរុប១៨៩នាក់ក្នុងនោះមានមនុស្សវ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត ហើយមកទល់នឹងពេលមានសាកសពមនុស្ស១០នាក់ ត្រូវបានគេស្រង់ចេញពីទឹកសមុទ្រ និងបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីបញ្ជាក់អត្តសញ្ញាណ៕