(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ កងទ័ពអាមេរិកនិងជប៉ុនបាន ចាប់ផ្តើមការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ សំដៅធ្វើតេស្តក៏ដូចជាពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធរួមគ្នា៕
២៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា នាថ្ងៃចន្ទសប្តាហ៍នេះ យាន Parker Solar Probe បានបំបែកកំណត់ត្រាថ្មីក្លាយវត្ថុបង្កើតឡើងដោយមនុស្ស ដែលស្ថិតនៅជិតព្រះអាទិត្យបំផុត និងកំពុងត្រៀមហោះឆ្វែលដុំបាល់ភ្លើងយក្សនេះជាលើកដំបូងនៅថ្ងៃពុធសប្តាហ៍នេះ៕
៣៖ លោកស្រី ហាទីស សិនជីស (Hatice Cengiz) ដែលជាគូដណ្តឹងរបស់លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) បានបង្ហាញការជឿជាក់ថា អារ៉ាប៊ីសាអូឌីតពិតជាដឹងថា សាកសពរបស់អ្នកកាសែតរូបនេះស្ថិតនៅកន្លែងណា៕
៤៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវគេរាយការណ៍ថា គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលនឹងលុបចោលសិទ្ធិទទួលបានសញ្ជាតិដោយស្វ័យប្រវត្តិ សម្រាប់ទារករបស់ជនមិនមែនជាពលរដ្ឋអាមេរិក ឬជនអន្តោប្រវេសន៍ខុសច្បាប់ ដែលកើតនៅលើទឹកដីសហរដ្ឋអាមេរិក៕
៥៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចដាក់កំហិតការនាំចេញបច្ចេកវិទ្យាទៅឲ្យក្រុមហ៊ុនផលិតបន្ទះឈីបនៃប្រទេសចិន ហ្វ៊ូជាន ជីនហ័រ (Fujian Jinhua Integrated Circuit Company) ដោយយោងលើហេតុផលហានិភ័យ ចំពោះសន្តិសុខជាតិ៕
៦៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានសរសើរលោកស្រី អាន់ជែលឡា មឺគែល សម្រាប់ការសម្រេចចិត្តលាលែងពីតំណែង ជាអធិការបតីអាល្លឺម៉ង់ នៅឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨៕