(វ៉ាស៉ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចដាក់កំហិតការនាំចេញបច្ចេកវិទ្យាទៅឲ្យក្រុមហ៊ុនផលិតបន្ទះឈីបនៃប្រទេសចិន ហ្វ៊ូជាន ជីនហ័រ (Fujian Jinhua Integrated Circuit Company) ដោយយោងលើហេតុផលហានិភ័យ ចំពោះសន្តិសុខជាតិ។ នេះបើតាមសេចក្តីប្រកាសពីក្រសួងពាណិជ្ជកម្មអាមេរិក ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។
ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសថា ចាប់ពីកំណត់សុពលភាពចាពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ឡើងទៅ ក្រសួងនឹងចាត់វិធានការដាក់កំហិតលើការនាំចេញ ផលិតផលទៅកាន់ក្រុមហ៊ុនចិន Fujian Jinhua Integrated Circuit Company តាមរយៈការចាត់បញ្ចូលក្នុងបញ្ជីខ្មៅ ដែលប្រការនេះមានន័យថា សហរដ្ឋអាមេរិកមិនត្រូវឲ្យចែករំលែកបច្ចេកវិទ្យា ជាមួយក្រុមហ៊ុនចិនមួយនេះទៀតឡើយ។
គួរជម្រាបថា បើតាមការបកស្រាយរបស់ក្រសួងពាណិជ្ជកម្មអាមេរិក ការធ្វើបែបនេះ គឺពីព្រោះតែក្រុមហ៊ុន Jinhua បង្កហានិភ័យធំតាមរយៈជាប់ពាក់ព័ន្ធសកម្មភាពនានា ដែលប្រឆាំងនឹងផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ខណៈការចាត់ក្រុមហ៊ុន Jinhua ចូលក្នុងបញ្ជីខ្មៅបែបនេះ នឹងជួយដាក់កំហិតលើសមត្ថភាពរបស់ក្រុមហ៊ុននេះ ក្នុងការគំរាមកំហែងចំពោះបណ្តាញផ្គត់ផ្គង់បរិក្ខាចាំបាច់ក្នុងស្រុក សម្រាប់ប្រព័ន្ធគ្រប់គ្រងយោធាអាមេរិក៕