(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះបានស្រង់យកសាកសពមនុស្សកើនដល់ ១០នាក់ ហើយចេញពីទឹកសមុទ្រ កន្លែងដែលយន្តហោះដឹកអ្នកដំណើរឥណ្ឌូណេស៊ីមួយគ្រឿង បានធ្លាក់នៅជិតរដ្ឋធានីហ្សាការតាកាលពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈមនុស្សទាំង ១៨៩នាក់ ត្រូវគេសន្និដ្ឋានថា បាត់បង់ជីវិតទាំងអស់។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅរសៀលថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។
យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air មានផ្ទុកមនុស្ស ១៨៩នាក់ ក្នុងនោះរួមមានមនុស្សវ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀតបានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅអំឡុងពេលហោះហើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ផាងកាល ភីណាង (Pangkal Pinang) កោះ បាងកា (Bangka) របស់ឥណ្ឌូណេស៊ី ។ ក៏ប៉ុន្តែក្រោយមកយន្ដហោះនេះណ ត្រូវបានគេទទួលស្គាល់ថា បានធ្លាក់ខណៈមានសេចក្ដីរាយការណ៍ថា ពីឡុតដែលបញ្ជាយន្ដហោះនេះបានស្នើត្រឡប់មកកាន់អាកាសយានដ្ឋានវិញ មុនពេលបាត់ដំណឹងតែបន្តិចប៉ុណ្ណោះ។
ជុំវិញសោកនាដកម្មនេះដែរ ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី បានឲ្យដឹងថា សាកសពមនុស្សទាំង ១០នាក់ ដែលបានស្រង់ចេញពី ទឹកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយ នៅតំបន់ភាគខាងកើតរដ្ឋធានីហ្សាការតា ដើម្បីរង់ចាំសាច់ញាតិមកទទួល។
គួរបញ្ជាក់ថា ប្រតិបត្តិការជួយសង្រ្គោះបានឈានចូលថ្ងៃទី ២ ហើយ រីឯក្រុមអ្នកជួយសង្រ្គោះកំពុងតាមរកប្រអប់ខ្មៅទាំងពីររបស់ យន្ដហោះ Boeing 737 MAX 8 ដើម្បីកំណត់ពីមូលហេតុធ្លាក់ ស្របពេលក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ កំពុងទន្ទឹមរង់ចាំទទួលព័ត៌មានបន្ថែមទាំងអារម្មណ៍ក្តុកក្តួល និងបង្ហូរទឹកភ្នែក។ យន្ដហោះ Boeing 737 MAX 8 ត្រូវបានគេរាយការណ៍ថា បានធ្លាក់នៅក្នុងដែនសមុទ្រនៃកោះ ការ៉ាវ៉ាង (Karawang) ស្ថិតនៅលើខេត្តជ្វា ក្រោយហោះឡើងបាន ១៣នាទី ចេញពីទីក្រុងហ្សាការតា ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុង Pangkal Pinang លើកោះ Bangka នៃប្រជុំកោះស៊ូម៉ាត្រា៕