(អាមេរិក)៖ អ្នកវិទ្យាសាស្រ្តបានកំណត់ថា បេសកកម្មនាពេលអនាគតអាចប្រើប្រាស់ព្រះច័ន្ទឈ្មោះថា Charon របស់ភ្លុយតូ (Pluto) សម្រាប់ការផ្តល់កម្លាំងរុញច្រាន ដើម្បីជួយសន្សំសំចៃឥន្ទនៈ ដែលប្រការនេះអាចអនុញ្ញាតឲ្យមានការសិក្សាស្រាវជ្រាវ លើប្រព័ន្ធនៃភពមិនពេញលក្ខណៈនេះ (Dwaft Planet) បានគ្រប់ជ្រុងជ្រោយ និងលម្អិតជាងមុន ឬក៏អាចឲ្យបេសកកម្មនោះ បន្តទៅស្រាវជ្រាវដល់ចុងប្រព័ន្ធព្រះអាទិត្យថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។
កាលពីខែកក្កដា ឆ្នាំ២០១៥ យាន New Horizons របស់អង្គការ NASA បានហោះកាត់ Pluto និងបានថតយករូបភាព ក៏ដូចជាប្រមូលទិន្នន័យមួយចំនួន ដោយមិនបានឈប់នោះឡើយ ខណៈភាពងឿងឆ្ងល់ជុំវិញអាថ៌កំបាំងនៃភពតូចនេះ កាន់តែកើនឡើងថែមទៀត។
អ្នកវិទ្យាសាស្រ្តគិតថា យានប្រភេទ Orbiter មួយ អាចនឹងសិក្សាស្វែងយល់កាន់ច្បាស់ពី Pluto និងព្រះច័ន្ទមួយចំនួនរបស់វា ហើយ Charon គឺជាគន្លឹះសំខាន់សម្រាប់បេសកកម្មបែបនេះ។ ព្រះច័ន្ទ Charon ដែលមានទំហំស្ទើរតែពាក់កណ្តាលទំហំរបស់ Pluto អាចផ្តល់កម្លាំងរុញច្រានក្នុងអំឡុងបេសសកម្មនេះ ដូចជាទៅនឹងអ្វីដែលព្រះច័ន្ទ Titan របស់ភពសៅរ៍ (Saturn) បានផ្តល់ឲ្យយាន Cassini។
គួរជម្រាបថា ព្រះច័ន្ទ Charon ក៏អាចជួយជំរុញឲ្យការរុករកនេះបន្តទៅដល់តំបន់ខ្សែក្រវាត់អាចម៍ផ្កាយ Kuiper Belt ផងដែរ ដែលស្ថិតនៅគែមនៃប្រព័ន្ធព្រះអាទិត្យ។ សម្រាប់ការប្រើកម្លាំងភព ឬព្រះច័ន្ទ (ម៉ាញេទិច) គឺជារឿងធម្មតាទៅហើយនៅក្នុងបេសកកម្មស្រាវជ្រាវនៅទីអវកាស ដោយសារតែយានទាំងនោះ មិនអាចដឹកឥន្ធនៈជាប់ខ្លួនសម្រាប់បំពេញបេសកកម្មទាំងមូលរាប់ឆ្នាំនោះឡើយ៕