(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បានបាញ់បង្ហោះផ្កាយរណបអង្កេតការណ៍សមុទ្រ ដោយជោគជ័យទៅកាន់លំហអាកាស ជាផ្នែកមួយនៃបេសកកម្មរួម ក្រោមកិច្ចសហប្រតិបត្តិការទីអវកាសរវាងចិន និងបារាំង ដែលនឹងផ្ដល់ភាពងាយស្រួល ឱ្យអ្នកវិទ្យាសាស្ត្រសិក្សាស្រាវជ្រាវជាលើកដំបូងពីខ្យល់នៅលើផ្ទៃសមុទ្រ និងរលកក្នុងពេលតែមួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
ផ្កាយរណបឈ្មោះ China-France Oceanography Satellite (CFOSat) ត្រូវបានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែត Long March-2C នៅម៉ោងប្រមាណ៨៖៤៣នាទីព្រឹក ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ស្ថិតនៅភាគពាយព្យនៃ ទីរហោរស្ថាន Gobi ហើយវាបានចូលទៅក្នុងគន្លងផែនដី៥២០គីឡូម៉េត្រពីលើផែនដី។
គួរបញ្ជាក់ថា ការបាញ់បង្ហោះផ្កាយរណអង្កេតការណ៍សមុទ្រនេះ គឺជាគំរោងរួមគ្នារវាងរដ្ឋបាលទីអាវកាសជាតិចិន (China National Space Administration (CNSA)) និងមជ្ឈមណ្ឌលជាតិសិក្សាពីទីអវកាសបារាំង (Centre National d'Etudes Spatiales)។ ផ្កាយរណបនេះនឹងដឹកនាំការអង្កេតការណ៍២៤ម៉ោងលើ២៤ម៉ោង លើរលក និងខ្យល់សមុទ្រក្នុងពេលតែមួយ៕