(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីបំផុតទីភ្នាក់ងាររុករកនិងជួយសង្រ្គោះនៃប្រទេសឥណ្ឌូណេស៉ី បានបង្ហើបឲ្យដឹងថា មនុស្សទាំង១៨៩នាក់ធ្វើដំណើរនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lion Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រនាព្រឹកថ្ងៃចន្ទនេះ គឺប្រហែលជាបានបាត់បង់ជីវិតទាំងអស់៕
២៖ តុលាការនៃទីក្រុងដាកា នៃប្រទេសបង់ក្លាដែស នាថ្ងៃចន្ទនេះ បានសម្រេចផ្តន្ទាទោសអតីតនាយករដ្ឋមន្រ្តី លោកស្រី ខាឡេដា ហ្ស៊ា (Khaleda Zia) និងបុគ្គល ០៣រូបទៀត ដាក់ពន្ធនាគាររយៈពេល ០៧ឆ្នាំ៕
៣៖ ប្រទេសរុស្ស៉ីនាថ្ងៃចន្ទនេះ បានប្រកាសពីការធ្វើតេស្តដោយជោគជ័យទៅលើប្រព័ន្ធបញ្ចុះកម្តៅនៃយានអវកាស ដែលដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាផ្នែកសំខាន់បំផុតនៃយានអវកាសប្រភេទនេះ៕
៤៖ ក្រុមយុទ្ធនាការលុបបំបាត់នុយក្លេអ៊ែរអន្តរជាតិ International Campaign to Abolish Nuclear Weapons ហៅកាត់ថា ICAN ដែលជាម្ចាស់ជ័យលាភីណូបែលសន្តិភាពឆ្នាំ២០១៧ បានឲ្យដឹងថា សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ អាចនឹងលេចរូបរាងលើជាផ្លូវការនៅចុងឆ្នាំ២០១៩៕
៥៖ អាជ្ញាធរហ្វីលីពីននៅថ្ងៃចន្ទនេះ បានចេញសេចក្ដីប្រកាសអាសន្ន ឱ្យប្រជាជននៅក្នុងខេត្តចំនួន ០៩ ស្ថិតនៅភាគខាងជើង កោះលូហ្សូន (Luzon) និងតំបន់ ខ័រឌីលឡេរ៉ា (Cordillera) មានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រោះរអិលបាក់ដី និងទឹកជំនន់ ដែលអាចនឹងបង្កឡើងដោយព្យុះទីហ្វុង យូទូ (Yutu) ដែលនឹងបក់បោកមកដល់ដែនដីហ្វីលីពីនឆាប់ៗនេះ៕
៦៖ ម្ចាស់ក្លឹបបាល់ទាត់ Leicester City គឺលោក Vichai Srivaddhanaprabha ត្រូវបានក្លឹបទទួលស្គាល់ហើយថាបាន បាត់បង់ជីវិតហើយ នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ នៅក្រោយការប្រកួត Premier League ជាមួយក្រុម West Ham United កាលពីយប់ថ្ងៃសៅរ៍ នៅក្បែរកីឡដ្ឋាន King Power Stadium ក្នុងប្រទេសអង់គ្លេស៕