(ហ្សាការតា)៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨នេះ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lion Air នៃប្រទេសឥណ្ឌូណេស៉ី បានធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រក្បែរ កោះជ្វាខាងលិច ខណៈមនុស្សទាំង ១៨៩នាក់នៅលើនោះ ត្រូវអាជ្ញាធរអះអាងថា ប្រហែលជាបានបាត់បង់ជីវិតទាំងអស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
ក្រោយហេតុការណ៍ធ្លាក់យន្តហោះដ៏ភ្ញាក់ផ្អើលនេះ បំណែកសាកសពមនុស្សនិងវត្ថុមួយចំនួន ក៏ដូចជាបំណែកយន្តហោះ ត្រូវបានរកឃើញជាបណ្តើរៗ នៅក្នុងផ្ទៃសមុទ្រ។ ទន្ទឹមនឹងនេះ អាជ្ញាធរឥណ្ឌូណេស៊ីនៅរសៀលនេះ ក៏បានកំណត់ទីតាំងប្រអប់ខ្មៅទាំងពីររបស់យន្ដហោះ Boeing 737 MAX 8 នេះ ប៉ុន្តែតួយន្តហោះមិនទាន់ត្រូវបានរកឃើញនៅឡើយទេ ដោយក្រុមអ្នកស្វែងអាចនឹងត្រូវចំណាយពេលយូរថ្ងៃ និងមុជទឹកក្នុងជម្រៅជ្រៅរហូតដល់ទៅ៣៥ម៉ែត្រ។
យន្ដហោះមានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air មានគោលដៅធ្វើដំណើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុងផាងកាល ភីណាង (Pangkal Pinang), នៃកោះ បាងកា ប៊ែលីទុង (Bangka Belitung) នៃចង្កោមកោះស៊ូម៉ាត្រាជាមួយអ្នកដំណើរ និងក្រុមពីឡុត ១៨៩នាក់ ក្នុងនោះមានមនុស្សវ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ០២នាក់, ពីឡុត ០២នាក់និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត។
យន្តហោះខាងលើ បានហោះចេញពីអាកាសយានដ្ឋានទីក្រុងហ្សាការតា នៅម៉ោង ៦៖២០នាទីព្រឹកថ្ងៃចន្ទនេះ ហើយគ្រោងនឹងទៅដល់អាកាសយានដ្ឋាន ដេប៉ាទី អាមឺ (Depati Amir) ក្នុងទីក្រុង Pangkal Pinang ដោយប្រើពេល១ម៉ោង។ ក៏ប៉ុន្តែ យន្ដហោះនេះស្រាប់តែបានបាត់ចេញពីរ៉ាដា និងត្រូវបានគេទទួលស្គាល់ថា បានធ្លាក់ក្រោយហោះឡើងបានតែ ១៣នាទីប៉ុណ្ណោះ។
គួរជម្រាបថា សម្រាប់មូលហេតុនៅពីក្រោយគ្រោះថ្នាក់ធ្លាក់យន្តហោះនេះ កំពុងបន្តស្ថិតក្រោមការស៉ើបអង្កេត ខណៈក្រុមគ្រួសារសាច់ញាតិនៃមនុស្សជិត១៩០នាក់ ដែលបានធ្វើដំណើរនៅលើយន្តហោះ នៅតែបន្តរង់ចាំដំណឹងទាំងទឹកភ្នែក ទោះបីជាក្តីសង្ឃឹមថាមានមនុស្សនៅរស់នោះសឹងតែស្មើសូន្យក៏ដោយ៕