(ហ្សាការតា)៖ ខណៈដែលប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន និងស្រង់យកប្រអប់ខ្មៅយន្តហោះឥណ្ឌូណេស៊ី Boeing 737 MAX 8 នៅតែកំពុងបន្តរហូតដល់ល្ងាចថ្ងៃចន្ទនេះ មានសំនួរជាច្រើនបានលេចឡើង ដោយក្នុងនោះវាពាក់ព័ន្ធទៅនឹងប្រភេទយន្តហោះដែលបានធ្លាក់តែម្តង ព្រោះយន្តហោះក្រុមហ៊ុនយក្សអាមេរិកប្រភេទនេះ ទើបតែបញ្ចេញលក់ និងជាប់កំណត់ត្រាជាម៉ូដែលយន្តហោះ ដែលលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រ Boeing។
ជាធម្មតាទម្រាំយន្តហោះម៉ូដែលថ្មី ត្រូវបានបញ្ចេញលក់ និងដាក់ឲ្យកុម្ម៉ង់ទិញជាសកលនោះ វាត្រូវបានឆ្លងកាត់ដោយការធ្វើតេស្តពីក្រុមជំនាញអន្តរជាតិ មិនតិចជាងរាប់ឆ្នាំនោះឡើយ ហើយគិតមកទល់នឹងកៀកចុងឆ្នាំ២០១៨នេះ Boeing 737 MAX 8 ទទួលបានការបញ្ជាទិញពីអន្តរជាតិរហូតដល់ ៤,៧០០គ្រឿង ហើយក្នុងនោះគ្រាន់តែអាកាសចរណ៍នានានៅឥណ្ឌូណេស៊ី គឺបានបញ្ជាទិញជាង ២០០គ្រឿងទៅហើយ។
ខណៈដែលគេមិនទាន់ដឹងថា តើយន្តហោះនោះបានធ្លាក់ដោយសារមូលហេតុអ្វី សំនួរជាច្រើនពិតជាបានលេចឡើង ទាក់ទងទៅនឹងកត្តាដែលអាចបង្កឲ្យយន្តហោះនេះធ្លាក់ ក្នុងនោះរួមទាំងកំហុសនៃការបញ្ជារបស់ពីឡុត, បញ្ហាបច្ចេកទេសនៃម៉ាស៊ីនយន្តហោះ ឬក៏អាចជាអំពើភេរវកម្ម និងចោរកម្មជាដើម។ ប៉ុន្តែសម្រាប់បញ្ហាអាកាសធាតុវិញ គឺទំនងជាមិនមែនមូលហេតុបង្កនោះឡើយ ព្រោះអាជ្ញាធរឥណ្ឌូណេស៊ីបានអះអាងថា នៅពេលយន្តហោះធ្លាក់នាព្រឹកថ្ងៃចន្ទនោះ គឺអាកាសធាតុក្នុងតំបន់មានសភាពល្អធម្មតា។
ទោះបីជាបែបនេះក្តី លោក Gerry Soejatman និងលោក Jon Ostrower ដែលសុទ្ធសឹងតែជាអ្នកជំនាញវិភាគខាងវិស័យអាកាសចរណ៍អន្តរជាតិ បានអះអាងប្រាប់សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៩ ខែតុលា នេះដូចៗគ្នាថា «វាដូចជាលឿនពេកហើយ នៅក្នុងការវិភាគរកមូលហេតុធ្លាក់របស់យន្តហោះ Boeing 737 MAX 8 នៃអាកាសចរណ៍ ឥណ្ឌូណេស៊ី Lion Air» ខណៈដែលប្រអប់ខ្មៅ និងការសន្ទនាចុងក្រោយនៅលើយន្តហោះនោះ គឺមិនទាន់ត្រូវបានបង្ហាញចេញនោះ។
លោក Gerry Soejatman បានថ្លែងថា «យន្តហោះដែលចាស់ខ្លាំង គឺអាចរងហានិភ័យខ្ពស់ខ្លាំងក្នុងការជួបគ្រោះថ្នាក់ ប៉ុន្តែយន្តហោះថ្មីពេក ក៏អាចរងហានិភ័យខ្ពស់ដូចគ្នាដែរ...។ បើវាថ្មីខ្លាំងពេកនោះ បញ្ហារបស់វាក៏នឹងអាចលេចឡើង នៅពេលវាយើងយកវាទៅប្រើតែម្តង...។»
យ៉ាងណាក៏ដោយ អ្នកជំនាញក៏បានឆ្លៀតឱកាសរៀបរាប់ផងដែរ អំពីស្ថានភាពពិតរបស់យន្តហោះខាងលើសនេះ ដោយលោកអះអាងថា យន្តហោះដ៏ថ្មីសន្លាងខាងលើនេះ គួរតែចំណាយពេលច្រើនក្នុងការហោះហើរ ដោយមិនចាំត្រូវមានការត្រួតពិនិត្យបច្ចេកទេសនោះឡើយ ព្រោះវាជាយន្តហោះថ្មីខ្លាំងណាស់។ ប៉ុន្តែគ្រោះថ្នាក់ភ្លាមៗរបស់វានេះ គឺពិតជាបានបង្កការភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុវត្ថិភាពនៃយន្តហោះប្រភេទនេះ។
ងាកទៅមើលក្រុមហ៊ុន Lion Air វិញ គឺខ្លួនបានធ្វើប្រតិបត្តិការយន្តហោះប្រភេទខាងលើនេះរហូតដល់ទៅ ១១គ្រឿង ប៉ុន្តែខាងក្រុមហ៊ុនបានបញ្ជាក់រួចហើយថា ខ្លួនគ្មានផែនការណាមួយ ក្នុងការផ្អាកប្រតិបត្តិការយន្តហោះប្រភេទ Boeing 737 MAX 8 ឯទៀតនោះឡើយ បើមិនទាន់មានការបញ្ជាក់ពីមូលហេតុ នៃការធ្លាក់យន្តហោះនេះទេនោះ។ Boeing 737 MAX 8 ត្រូវបានបញ្ជាទិញច្រើនបំផុតពីក្រុមហ៊ុនអាកាសចរណ៍ American Airlines, United Airlines, Norwegian និង FlyDubai ជាដើម៕