(ហ្សាការតា)៖ ទីបំផុតទីភ្នាក់ងាររុករកនិងជួយសង្រ្គោះនៃប្រទេសឥណ្ឌូណេស៉ី បានបង្ហើបឲ្យដឹងថា មនុស្សទាំង១៨៩នាក់ធ្វើដំណើរនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lion Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រនាព្រឹកថ្ងៃចន្ទនេះ គឺប្រហែលជាបានបាត់បង់ជីវិតទាំងអស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
អាជ្ញាធរឥណ្ឌូណេស៊ីនៅរសៀលនេះ ក៏បានកំណត់ទីតាំងប្រអប់ខ្មៅទាំងពីររបស់យន្ដហោះ Boeing 737 MAX 8 នៃអាកាសចរណ៍ Lion Air ផងដែរ ខណៈប្រតិបត្តិការស្វែងរកសាកសពក៏ដូចជាតួយន្តហោះ អាចនឹងត្រូវចំណាយពេលយូរថ្ងៃ។
គួរជម្រាបថា យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air មានគោលដៅធ្វើដំណើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុងផាងកាល ភីណាង (Pangkal Pinang), នៃកោះ បាងកា ប៊ែលីទុង (Bangka Belitung) នៃចង្កោម កោះស៊ូម៉ាត្រាជាមួយអ្នកដំណើរ និងក្រុមពីឡុត ១៨៩នាក់ ក្នុងនោះមានមនុស្សវ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត៕
យន្តហោះខាងលើ បានហោះចេញពីអាកាសយានដ្ឋានទីក្រុងហ្សាការតា នៅម៉ោង ៦៖២០នាទីព្រឹកថ្ងៃចន្ទនេះ ហើយគ្រោងនឹងទៅដល់អាកាសយានដ្ឋាន ដេប៉ាទី អាមឺ (Depati Amir) ក្នុងទីក្រុង Pangkal Pinang ដោយប្រើពេល១ម៉ោង។ ក៏ប៉ុន្តែ យន្ដហោះនេះស្រាប់តែបានបាត់ចេញពីរ៉ាដា និងត្រូវបានគេទទួលស្គាល់ថា បានធ្លាក់ក្រោយហោះឡើងបានតែ ១៣នាទីប៉ុណ្ណោះ៕