(ដាកា)៖ តុលាការនៃទីក្រុងដាកា នៃប្រទេសបង់ក្លាដែស នាថ្ងៃចន្ទនេះ បានសម្រេចផ្តន្ទាទោសអតីតនាយករដ្ឋមន្រ្តី លោកស្រី ខាឡេដា ហ្ស៊ា (Khaleda Zia) និងបុគ្គល ០៣រូបទៀត ដាក់ពន្ធនាគាររយៈពេល ០៧ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
លោកស្រី Zia និងបុគ្គលិក ០៣រូបទៀតនោះ ក៏រងការពិន័យជាទឹកប្រាក់១១,៩០៤ដុល្លារផងដែរ។ ការផ្តន្ទាទោសខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីនៅខែកុម្ភៈកន្លងទៅ អតីតមេដឹកនាំដែលជាប្រធានបក្សប្រឆាំងធំបំផុតនៅបង់ក្លាដែស ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធគារ ០៥ឆ្នាំ នៅក្នុងសំណុំរឿងពុករលួយមួយផ្សេងទៀត ទាក់ទិននឹងមូលនិធិកុមារកំព្រា ហ្ស៊ាអូផាណេច ត្រាស់ (Zia Orphanage Trust)។
គួរជម្រាបថា លោកស្រី Khaleda បាននិងកំពុងប្រឈមការចោទប្រកាន់ជាច្រើនករណី ក្នុងនោះរួមមាន ០៥ករណី ទាក់ទិននឹងអំពើពុករលួយ និង ១៥ករណីទាក់ទិនការនៅពីក្រោយខ្នងអំពើហិង្សាលើចលនាប៉ះបោរប្រឆាំងរដ្ឋាភិបាល កាលពីឆ្នាំ២០១៤ ហើយលោកស្រីបានលើកឡើងជាសាជាថ្មីថា សំណុំរឿងទាំងអស់នេះគឺជាការសងសឹកផ្នែកនយោបាយ៕