(ហ្សាការតា)៖ បំណែកសាកសពមួយចំនួន ត្រូវបានគេរកឃើញជាបណ្តើរៗហើយ នៅក្នុងផ្ទៃសមុទ្រក្បែរកោះជ្វាខាងលិច នៃប្រទេសឥណ្ឌូណេស៉ី ជាទីដែលយន្តហោះរបស់អាកាសចរណ៍ Lion Air ដែលមានផ្ទុកមនុស្សសរុប ១៨៩នាក់ បានធ្លាក់នាព្រឹកថ្ងៃចន្ទនេះ។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរឥណ្ឌូណេស៉ី ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
ទន្ទឹងនឹងនេះ អាជ្ញាធរឥណ្ឌូណេស៊ីនៅរសៀលនេះ ក៏បានកំណត់ទីតាំងប្រអប់ខ្មៅទាំងពីររបស់យន្ដហោះ Boeing 737 MAX 8 នៃក្រុមហ៊ុនអាកាសចរណ៍ Lion Air ផងដែរ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ អាចនឹងត្រូវចំណាយពេលដល់ទៅ ០៧ថ្ងៃ ឬអាចបន្ថែម ០៣ថ្ងៃទៀតក្នុងករណីចាំបាច់ ។
យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air មានគោលដៅធ្វើដំណើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុងផាងកាល ភីណាង (Pangkal Pinang), នៃកោះ បាងកា ប៊ែលីទុង (Bangka Belitung) នៃចង្កោម កោះស៊ូម៉ាត្រាជាមួយអ្នកដំណើរ និងក្រុមពីឡុត ១៨៩នាក់ ក្នុងនោះមានមនុស្សវ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត៕