(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីនៅមុននេះបន្តិច បានកំណត់ទីតាំងប្រអប់ខ្មៅទាំងពីររបស់យន្ដហោះ Boeing 737 MAX 8 នៃក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលបានធ្លាក់ចូលសមុទ្រនៅព្រឹកថ្ងៃចន្ទនេះហើយ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ អាចនឹងត្រូវចំណាយពេលដល់ទៅ ០៧ថ្ងៃ ឬអាចបន្ថែម ០៣ថ្ងៃទៀតក្នុងករណីចាំបាច់ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅរសៀលថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air មានគោលដៅធ្វើដំណើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុងផាងកាល ភីណាង (Pangkal Pinang), នៃកោះ បាងកា ប៊ែលីទុង (Bangka Belitung) នៃចង្កោម កោះស៊ូម៉ាត្រាជាមួយអ្នកដំណើរ និងក្រុមពីឡុត ១៨៩នាក់ ក្នុងនោះមានមនុស្សវ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត។
យន្តហោះរបស់អាកាសចរណ៍ក្នុងស្រុកខាងលើនេះ បានធ្លាក់នៅត្រង់ចំណុចដែនសមុទ្រ ការ៉ាវ៉ាង (Karawang) នៃខេត្តជ្វា របស់ប្រទេសឥណ្ឌូណេស៊ី។ ប៉ុន្តែមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ពីជោគវាសនានៃមនុស្សជិះទាំងអស់ នៅលើយន្តហោះ Boeing 737 MAX 8 នោះឡើយ រីឯក្រុមគ្រួសារសាច់ញាតិរបស់ពួកគេកំពង់ទន្ទឹមរង់ចំាព័ត៌មានបន្ថែមទាំងទឹកភ្នែក ហើយមូលហេតុធ្លាក់ក៏មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយដែរ។
ដោយឡែក ប្រធានទីភ្នាក់ងារជួយសង្រ្គោះឥណ្ឌូណេស៊ី លោក មូហាំម៉េដ ស៊ីយ៉ជី (Muhammad Syaugi) បានឱ្យដឹងដែរថា ក្រុមអ្នកជួយសង្រ្គោះបាន ទៅដល់ទីតាំងធ្លាក់របស់យន្ដហោះ Boeing 737 MAX 8 នៃក្រុមហ៊ុន Lion Air និងកំពុងធ្វើប្រតិបត្តិការមុជទៅក្នុងទឹកសមុទ្រ ដើម្បីតាមរកយន្ដហោះមួយនេះ ព្រមទាំងអ្នកដំណើរទាំងអស់។
លោក Syaugi បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ក្រុមអ្នកជួយសង្រ្គោះ ១៣០នាក់ និង ៣០នាក់ផ្សេងទៀតមកពីអង្គភាពដទៃ រួមជាមួយនាវាបីគ្រឿង ឧទ្ធម្ភាគចក្រមួយគ្រឿង និងទូកសង្គ្រោះជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់ទីតាំងដែលគេជឿជាក់ថា យន្ដហោះ Boeing 737 MAX 8 បានធ្លាក់...»។ លោកបន្ថែមថា បេសកកម្មសំខាន់មួយនៅពេលនេះ គឺធ្វើយ៉ាងណារកយន្ដហោះនេះឱ្យឃើញ ខណៈក្រុមអ្នកមុជទឹកត្រូវមុជទឹកក្នុងជម្រៅពី ៣០ ទៅ ៣៥ម៉ែត្រ។
គួរបញ្ជាក់ថា យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air បានហោះចេញពីអាកាសយានដ្ឋានទីក្រុងហ្សាការតា នៅម៉ោង ៦៖២០នាទីព្រឹកថ្ងៃចន្ទនេះ ហើយគ្រោងនឹងទៅដល់អកាសយានដ្ឋាន ដេប៉ាទី អាមឺ (Depati Amir) ក្នុងទីក្រុង Pangkal Pinang ដោយប្រើពេល១ម៉ោង។ ក៏ប៉ុន្តែ យន្ដហោះនេះស្រាប់តែបានបាត់ចេញពីរ៉ាដា និងត្រូវបានគេទទួលស្គាល់ថា បានធ្លាក់ក្រោយហោះឡើងបានតែ ១៣នាទីប៉ុណ្ណោះ៕