(វ៉ាស៉ីនតោន)៖ កែវយឺតអវកាស Hubble បានត្រឡប់មកដំណើរការជាធម្មតាដូចដើមវិញហើយ បន្ទាប់ពីឧបករណ៍តម្រង់ទិស និងទប់លំនឹង Gyroscope របស់វាត្រូវបានជួលជុលរួចរាល់ ដែលប្រការនេះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររំពឹងថា វានឹងអាចបន្តការងារអង្កេតទីអវកាសលើសពីផែនការកំណត់។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការ NASA ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
បើតាម NASA ឧបករណ៍ Gyroscope របស់ Hubble បានជួបបញ្ហាកាលពីថ្ងៃទី០៥ ខែតុលា រហូតទាល់តែដល់ថ្ងៃសុក្រសប្តាហ៍នេះ ទើបអាចជួលជុលហើយរួចរាល់។ Hubble ក៏បានធ្វើសកម្មភាពអង្កេត ស្រាវជ្រាវ និងប្រមូលទិន្នន័យផ្នែកវិទ្យាសាស្រ្តជាលើកដំបូង ផងដែរ គិតចាប់តាំងតែពីពេលនោះមក។
គួរជម្រាបថា Gyroscope គឺជាឧបករណ៍ដែលកំណត់ល្បឿនងាកទៅមក (ចង្អុលទិស) របស់ Hubble ដោយវាគឺជារឿងចាំបាច់ដើម្បីជួយឲ្យកែវយឺតអវកាសនេះ ធ្វើចលនា និងផ្តោតទៅលើគោលដៅថ្មីៗ ទៅតាមការចង់បានរបស់ក្រុមបញ្ជាការ Hubble នៅឯទីស្នាក់ការរបស់អង្គការ NASA លើភពផែនដី។
Hubble ដែលដំបូងឡើយតម្រូវឲ្យធ្វើការបានត្រឹមតែរយៈពេល ១៥ឆ្នាំនោះ សព្វថ្ងៃនេះ បានទម្លាញអាថ៌កំបាំងផ្នែកវិទ្យាសាស្រ្តជាច្រើនក្នុងរយៈពេលរហូតដល់ជាង ២៨ឆ្នាំហើយ ខណៈអ្នកវិទ្យាសាស្រ្តរំពឹងថា វានឹងអាចបន្តបង្កើតរបកគំហើញអស្ចារ្យយ៉ាងសន្ធឹកសន្ធាប់ថែមទៀត នាអំឡុងពេលយ៉ាងតិចមួយទសវត្សរ៍ខាងមុខ៕